បុគ្គលិក«កម្ពុជាថ្មី»ម្នាក់ លើកសរសើរពីគុណសម្បត្តិ របស់កូនប្រសារសម្តេច ហ៊ុន សែន ឯកឧត្តម ឌី វិជ្ជា ថាជាមនុស្សបែបនេះ?

សង្គម​និង​សេដ្ឋកិច្ច

លោក វណ្ណ សុគន្ធា អតីតអ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិ និងបច្ចុប្បន្នកំពុងបម្រើការងារការីនិពន្ធជាន់ខ្ពស់នៃសារព័ត៌មានកម្ពុជាថ្មី បានលើកយកនូវគុណសម្បត្តិរបស់ឯកឧត្តម ឌី វិជ្ជា ដោយសង្កត់ធ្ងន់នៅសម្តីមួយឃ្លារបស់ ឯកឧត្តមដែលធ្វើឲ្យអ្នកកាសែតរូបនេះ ដក់ជាប់ក្នុងចិត្តថា «ពេលមានបញ្ហាអ្វីមួយ គាត់តែងនិយាយថា មិនអីទេ វាជាមេរៀនសម្រាប់គ្នាយើងពេលក្រោយ!»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនៃស្នងការដ្ឋាននគរបាលជាតិ និងលោក មៃ សុខលីម និពន្ធសារព័ត៌មានកម្ពុជាថ្មី

បុក្គលិកកម្ពុជាថ្មីរូបនេះ បានសរសេររៀបរាប់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីពេលថ្មីៗនេះថា៖ «ខ្ញុំបានចាកចេញពីវិទ្យុបារាំងអន្តរជាតិមកចូល«កម្ពុជាថ្មី»ជាងកន្លះឆ្នាំមកហើយ។ កាលនៅវិទ្យុបារាំងអន្តរជាតិ ខ្ញុំបានរៀនចេះច្រើនណាស់ពីអ្នកពូកែៗនៅទីនោះ ឯនៅទីនេះវិញ ខ្ញុំក៏បានចេះអ្វីដែលថ្មីៗដែលខ្ញុំមិនបានឆ្លងកាត់ទាល់តែសោះពីសំណាក់រៀមច្បងជំនាញៗ និងក្រុមការងារដ៏មានសក្តានុពល»។

លោក ​វណ្ណ សុគន្ធា បានលើកឡើងបន្ថែមថា៖ «មែនទែនទៅ នៅក្នុងសង្វាក់ការងារនានា មិនថាតែក្នុងផ្នែកសារព័ត៌មានទេ តែងតែជួបបញ្ហា។ ប៉ុន្តែ គាត់( ឯ.ឧ ឌី វិជ្ជា) មិនដែលបន្ទោស ឬដាក់សម្ពាធដល់ក្រុមការងារឡើយ ផ្ទុយទៅវិញ គាត់តែងតែលើកទឹកចិត្ត និងនិយាយថា មិនអីទេ វាជាមេរៀនមួយសម្រាប់គ្នាយើងនាពេលក្រោយ ខណ:ខ្ញុំ និងក្រុមការងារ ពិតជាមានអារម្មណ៍មិនល្អសោះ ពេលដំណើរការការងារជួបឧបសគ្គបែបនេះ។ សម្តីរបស់គាត់ គឺជាឱសថទិព្វមួយសម្រាប់ព្យាបាលផ្លូវចិត្តរបស់ពួកយើងនាពេលនោះ»។

មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មានខាងលើ ក៏បានបញ្ជាក់ដូច្នេះដែរថា «ជាងកន្លះឆ្នាំមកនេះ ខ្ញុំមានឱកាសបានជួបគាត់ដោយផ្ទាល់តែពីរបីដងប៉ុណ្ណោះ។ ពេលជួបគាត់ម្តងៗ ត្បិតថាជាការទទួលទានអាហារជុំគ្នាប្រកបដោយភាពរីករាយ និងស្និតស្នាលមែន តែជាឱកាសដ៏ល្អក្នុងការជជែកពិភាក្សាពីការងារព័ត៌មាននានារបស់«កម្ពុជាថ្មី»។ គាត់ពិតជារវល់ខ្លាំងណាស់ តែគាត់ក៏មិនដែលភ្លេចពួកយើងដែរ។ គាត់ជាមនុស្សមិនសូវមាត់ករ តែចូលចិត្តស្តាប់យោបល់ពួកយើងច្រើន ដែលត្រង់នេះធ្វើឳ្យខ្ញុំនឹកឃើញដល់ពេលធ្វើការងារនៅកន្លែងចាស់របស់ខ្ញុំ គឺការដឹកនាំ និងគ្រប់គ្រងមានលក្ខណ:ប្រជាធិបតេយ្យដូចគ្នា»។

លោក វណ្ណ សុគន្ធា ការីនិពន្ធសារព័ត៌មានកម្ពុជាថ្មី

លោក វណ្ណ សុគន្ធា បានរៀបរាប់ទៀតថា ពេលពួកយើងនិយាយម្តងៗពីបញ្ហាការងារប្រចាំថ្ងៃ ជាពិសេស ការបង្កើតនូវកម្មវិធីពិសេសថ្មីៗនោះ គាត់តែងតែផ្ចិតផ្ចង់ស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយម្តងម្តាល គាត់បានសួរនាំមួយៗ និងតែងតែងក់ក្បាលជានិច្ច។ នេះ ធ្វើឳ្យពួកយើងកាន់តែមានភាពជឿជាក់ក្នុងការធ្វើបទបង្ហាញ។ គាត់ មិនដែលនិយាយបដិសេធគម្រោងនានារបស់យើងទេ ដោយជំនួសមកវិញថា គាត់សូមពិនិត្យមើលសិន។

ជាមួយគ្នានេះដែរ បុគ្គលិកកម្ពុជាថ្មីរូបនេះ ក៏បានអះអាងទៀតថា «ត្បិតថា ជួបគាត់បានតិចមែន ប៉ុន្តែ ខ្ញុំបានរៀនពីគាត់ច្រើន។ គាត់មានមេត្តា និងអធ្យាស្រ័យដល់ក្រុមការងារច្រើន។ គាត់មិនប្រកាន់ តែសាមញ្ញមែនទែន ទោះបីគាត់ជាថ្នាក់ដឹកនាំកំពូលក្នុងអង្គភាពក៏ដោយ។ អ្វីជាការកត់សម្គាល់ និងគួរឳ្យគោរព គឺគាត់ជាថ្នាក់ដឹកនាំម្នាក់ដែលតែងឳ្យតម្លៃទៅលើអ្នកដទៃណាស់មិនថាជាថ្នាក់ក្រោមគាត់ឡើយ»។

ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនៃស្នងការដ្ឋាននគរបាលជាតិ

ជាងនេះទៀត អ្នកសារព័ត៌មានខាងលើ ក៏បានបញ្ជាក់ដែរថា «មេរៀនមួយទៀតដែលខ្ញុំលួចរៀនពីគាត់តាមវិធីសាស្រ្តអង្កេត គឺគាត់ជាមនុស្សសាមញ្ញ មិនសូវចេះមាត់ករ ស្ងប់ស្ងាត់ តែគាត់រឹងមាំ ម៉ឺងម៉ាត់ ច្បាស់លាស់ និងហ្មត់ចត់ណាស់នឹងការងារ។ ប៉ុន្តែ គាត់ក៏មានការយោគយល់ និងអធ្យាស្រ័យច្រើនដល់ក្រុមការងារផងដែរ»។

គួររម្លឹកថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយករដ្ឋានកណ្តាលសន្តិសុខ។ ឯកឧត្តមត្រូវជាកូនប្រុសច្បងអតីតមេបូលីសក្រុងភ្នំពេញ ឧត្ដមសេនីយ៍ ហុក ឡងឌី អគ្គស្នងការនគរបាលជាតិ ហើយត្រូវជាកូនប្រសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៍ទូរទស្សន៍ បាយ័ន គ្រុប៕