លោក ជា សុផារ៉ា ចុះបើកយុទ្ធនាការដោះស្រាយបញ្ហាសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​យុទ្ធនាការ​ចុះ​វាស់វែង កំណត់​និយាមកា​ក្បាលដី និង​អត្ត​សញ្ញាណ​​អ្នក​កាន់​កាប់​ដី និង​សំណង់​ខុស​ច្បាប់ ក្នុង​តំបន់​រមណីយដ្ឋានអង្គរ ​​និង​តំបន់​ដទៃ​ទៀត ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​កិច្ចប្រជុំ​​បឋម​ កាល​ពី​ថ្ងៃទី១៦ ខែសីហា នៅរដ្ឋបាលខេត្តសៀមរាប មុននឹងអនុវត្តន៍ការងារ​ខាង​លើ លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកលំនៅដ្ឋាន បាន​​មានប្រសាសន៍ថា ក្រុមការងារអនុវត្ត​ចុះធ្វើអត្ត​សញ្ញាណ​ប្រជាពលរដ្ឋ ដែលបានសាងសង់ និងកាន់កាប់ដីធី្ល ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃ​ទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តន៍ការងាររយៈពេល ១៥ថ្ងៃ ដោយ​ចាប់ពីថ្ងៃទី ១៨ ខែសីហា តទៅ និងមានមន្ត្រីជំនាញមកពីមន្ទីរសុរិយោដី ជាច្រើនខេត្តរួមគ្នា។

លោកអគ្គនាយកលំនៅឋាន បានបញ្ជាក់បន្ថែម​ថា​ ក្រុមការងារ​ត្រូវកំណត់ការប្រមូលទិន្នន័យ និងបច្ចេក​ទេស​នៃការវាស់វែង ឱ្យ​បានច្បាស់លាស់អំពីនិយាមកា​ក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និង​សំណង់ខុសច្បាប់។ ម៉្យាងទៀតក៏ត្រូវ ចុះបញ្ជីក្បាលដីឱ្យ​បានច្បាស់លាស់ ដើមី្បធានាដល់ការកាន់កាប់​គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សម្រាប់ទៅពេលអនាគត។

យុទ្ធនាការ​ខាង​លើ​នេះ ​​ធ្វើ​ឡើង​បន្ទាប់ពី​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានចេញសេចក្តី​សម្រេច​​មួយ​ កាល​ពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០២២ តែងតាំងសមាសភាពក្រុមការងារ​តម្រង់​ទិស ដើម្បីដោះ​ស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ធានអង្គរ និងតំបន់ដទៃទៀត ស្ថិត​ក្រោមការគ្រប់គ្រងរបស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​ឯកឧត្តម ជា សុផារ៉ា ជាប្រធាន, លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធាន, ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ជា​អនុប្រធាន, ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និងវិចិត្រសិល្បៈ ជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​មាន​សមាជិក​ចំនួន ០៩ នាក់​ផ្សេង​ទៀត។

សូមជម្រាបថា សំណង់ខុសច្បាប់បានផ្ទុះឡើង​សាជាថ្មី​នៅ​រយៈពេលចុងក្រោយនេះ ពិសេសកំឡុងពេល​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ និង​មុនពេលបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ បើតាម​របាយការណ៍​របស់​អាជ្ញាធរជាតិអប្សរា ដែល​ធ្លាប់​​បាន​បញ្ជាក់​ពី​មុន​ រយៈពេល ៤ខែ ចាប់ពីខែមករា ដល់ខែ​មេសា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានចុះហាមឃាត់ ការសាងសង់សំណង់ខុសច្បាប់ ក្នុងតំបន់​រមណីយ​ដ្ឋាន​អង្គរមានចំនួន ៧៤៩ករណី ចំនួននេះមានការកើនឡើង ៥៧ភាគរយ បើធៀបនឹងរយៈ​ពេល​ដូចគ្នា កាលពី​ឆ្នាំ២០១៩។ យ៉ាងណា លោក ទៀ សីហា បានចេញមុខបញ្ជាក់ថា សំណង់ខុសច្បាប់​ក្នុង​រមណីយដ្ឋានអង្គរ នឹងត្រូវរុះរើទាំងអស់ ដោយពុំមាន​ការយោគយល់ឡើយ៕