តើច្បាប់វិនិយោគថ្មី នឹងផ្តល់ផលចំណេញអ្វីខ្លះដល់កម្ពុជា?

សង្គម​និង​សេដ្ឋកិច្ច

កាលពីពេលថ្មីៗនេះ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិនិយោគថ្មី ដែលជាក្របខ័ណ្ឌគតិយុត្តបើកចំហមានតម្លាភាព ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដែលមានលក្ខណៈអនុគ្រោះយ៉ាងច្រើនពិសេសលើផ្នែកពន្ធដារជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើច្បាប់វិនិយោគថ្មី នឹងផ្តល់ផលចំណេញអ្វីខ្លះទៀតដល់កម្ពុជា?

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហមានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ហើយនឹងផ្តល់ផលចំណេញជាច្រើននៅកម្ពុជា តាមរយៈ៖

១.ការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព, ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន, គ្មានការរើសអើង, មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម-សេដ្ឋកិច្ច។

២.ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធនការផ្ទេរបច្ចេកវិទ្យា, ចំណេះដឹង និងចំណេះធ្វើ។

៣.ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្មបាននិងធន់ទៅនឹងវិបត្តិក្នុងតំបន់ និងសកលលោក និង ការផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅកម្ពុជា តាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ស្របទៅនឹងផលប្រយោជន៍ជាតិ។

៤.ខ្លឹមសារសារធាតុនៃសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់នេះបានគិតគូរអំពីការផ្តល់ការលើកទឹកចិត្តដល់វិស័យអាទិភាព កម្រិតបច្ចេកវិទ្យា និងបច្ចេកទេស ការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម ។

ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់នេះ បានកែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធទៅនឹងយន្តការស្ថាប័ន និងនីតិវិធីនៃការស្នើសុំការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (តទៅនេះហៅថា គ.ល. គ.) ។

គួរបញ្ជាក់ដែរថា បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច​ ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងដែរថា សេចក្តីព្រាងច្បាប់នេះ ក៏បានពង្រឹងនូវយន្តការច្រកចេញ-ចូលតែមួយរបស់ ក. អ. ក. ដើម្បីឱ្យការបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីនេះ អាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព ក៏ដូចជាពង្រឹងយន្តការអនុម័តបញ្ជីមេរបស់គម្រោងវិនិយោតផងដែរ ។

លើសពីនេះ ដើម្បីកាត់បន្ថយបន្ទុកដល់វិនិយោគិនចំពោះកាតព្វកិច្ចនៃអនុលោមភាពច្បាប់ ដូចជាការចុះអធិការកិច្ចរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សេចក្តីព្រាងច្បាប់នេះបានកែសម្រួលយន្តការស្ថាប័ន ដោយបានដាក់ចេញនូវការពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ តាមរយៈការចុះត្រួតពិនិត្យក្នុងពេលតែមួយ និងរួមគ្នា ។

សេចក្តីព្រាងច្បាប់ បានបង្កើតរបបលើកទឹកចិត្តផ្នែកពន្ធ ដែលមានភាពច្បាស់លាស់, មុតស្រួច, ចំគោលដៅជាងមុន និងអាចប៉ាន់ប្រមាណទុកជាមុនបាន ទៅលើវិស័យដែលរាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត ជាពិសេសវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់, មានតម្លៃបន្ថែមខ្ពស់, បង្កើនតំណភ្ជាប់កម្ពុជាទៅកាន់ខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃនៅក្នុងតំបន់ និងសកលថែមទៀត៕ អត្ថបទ៖ រង្សី