កម្ពុជា-វៀតណាម កំពុងរួមគ្នាជំរុញកម្មវិធីសិក្សាអប់រំជំនាញភស្តុភារកម្មនៅប្រទេសវៀតណាម

សង្គម​និង​សេដ្ឋកិច្ច

គណៈប្រតិភូនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជននៅប្រទេសវៀណាម ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗទៅវិញទៅមកក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។ទន្ទឹមគ្នានេះ ក្រសួងក៏បានពិភាក្សាជាមួយសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស ដើម្បីស្វែងយល់អំពីកម្មវិធីសិក្សា និងប្រព័ន្ធអប់រំជំនាញភស្តុភារកម្មនៅប្រទេសវៀតណាមផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឲ្យដឹងតាមរយៈដំណើរទស្សនៈកិច្ចទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម របស់គណៈប្រតិភូនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា មានរយៈពេល២ថ្ងៃនេះ ចាប់ពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គោលបំណងទស្សនកិច្ចនេះ គឺស្វែងយល់អំពីមុខងារសំខាន់ៗក្នុងវិស័យភស្តុភារកម្មរវាងប្រទេសទាំងពីរ ស្វែងយល់អំពីការរៀបចំ និងការអនុវត្តគោលនយោបាយភស្តុភារកម្ម ព្រមទាំងការប្រមូលទិន្នន័យភស្តុភារកម្ម និងដឹកជញ្ជូន ស្វែងយល់អំពីការអប់រំ និងការអភិវឌ្ឍធនធានមនុស្សលើវិស័យភស្តុភារកម្មនៅប្រទេសវៀតណាម ស្វែងយល់អំពីការអនុវត្តគម្រោង ជាពិសេសការអនុវត្តគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មSuperport របស់ក្រុមហ៊ុនYCH នៅក្បែរទីក្រុងហាណូយ។

ទន្ទឹមគ្នានេះ ឯកឧត្តមបន្តថា «គណៈប្រតិភូ ក៏បានជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យពាណិជ្ជកម្មបរទេសដើម្បីស្វែងយល់អំពីកម្មវិធីសិក្សា និងប្រព័ន្ធអប់រំជំនាញភស្តុភារកម្មនៅប្រទេសវៀតណាម និងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាមួយនឹងរដ្ឋាភិបាល និងបានជួបពិភាក្សាជាមួយវិទ្យាស្ថានយុទ្ធសាស្រ្ត ដឹកជញ្ជូន និង ការអភិវឌ្ឍដើម្បីស្វែងយល់អំពីក្របខណ្ឌនៃការប្រមូលទិន្នន័យដឹកជញ្ជូន និងភស្តុភារកម្ម និងការផ្សព្វផ្សាយស្ថិតិ និងរបាយការណ៍សិក្សាគោលនយោបាយពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន និងភស្តុភារកម្មថែមទៀត»។

គួរបញ្ជាក់ដែរថា តាមរយៈដំណើរទស្សនៈកិច្ចនេះ កម្ពុជា-វៀតណាម ក៏បានពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈយោគយល់នៃការដំឡើងកូតារថយន្តធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាមផងដែរ៕