អភិបាលស្រុកវ័យក្មេង ប្រាប់ពីសារៈប្រយោជន៍ នៃការដាំដើមឈើតាមសាលារៀន និងវត្តអារាម

សង្គម​និង​សេដ្ឋកិច្ច

នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២​នេះ​ លោក ឡូវ សុខសាន អភិបាលស្រុកថ្មី វ័យក្មេង នៃរដ្ឋបាល​ស្រុក​កៀនស្វាយ ​​បាន​ដឹក​​នាំ​កម្លាំង​ចម្រុះ​​ ចុះ​ដាំ​ដើម​ឈើ​ ដើម្បី​ជា​ការ​​អបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅជុំវិញបរិវេណសាលាអនុវិទ្យាល័យគគីរធំ សាលាបឋមសិក្សាគគីរធំ វត្តចាស់ និងវត្តកោះតេជោ ស្ថិតនៅ​ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
​ លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ (អាវ ស)

លោក ឡូវ សុខសាន អភិបាលស្រុក បាន​មានប្រសាសន៍ក្នុងពិធីនោះ​ថា ការដាំដើមឈើ​នៅតាម​សាលា​រៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណង និង​មាន​សារៈប្រយោជន៍​ជួយថែរក្សាបរិស្ថាន បង្កើន​​ទេសភាព សោភ័ណ​ភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់​សម្រាប់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា​ពលរដ្ឋ​យើង ជាពិសេស គឺជួយកែប្រែបរិយាកាស​ធម្មជាតិនៅតាម​សាលា​រៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។

លោកអភិបាលស្រុកបន្ថែមថា គ្រប់អាជ្ញាធរភូមិ-ឃុំទាំងអស់ បន្តយកចិត្តទុកដាក់រៀបចំ​ជាផែនការដាំដើម​ឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយ​ សម្រាប់​ធ្វើការដាំដើមឈើ និងការថែទាំដើមឈើឱ្យរស់លូតលាស់ល្អ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋ​គ្រប់រូប​នៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំង​ដាំដើម​ឈើហូបផ្លែផងដែរ ឱ្យបានគ្រប់ទី​កន្លែងទាំងអស់ ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សា​កូន​ឈើ ដែលបានដាំរួចឱ្យ បាន​ដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គម​ជាតិផង។

សូម​​រំឭក​ផង​ដែរ​ថា លោក ឡូវ សុខសាន វ័យ​៣១​ឆ្នាំ ​​​បាន​ទទួល​ការ​តែងតាំង​ជា​អភិបាល​ស្រុក​កៀន​ស្វាយ ​កាល​ពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២។ មុនទទួលដំណែងជាអភិបាលស្រុក លោក គឺជាអ្នករកស៊ីវ័យ​ក្មេង​ម្នាក់ ហើយត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាល​ពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០១៥។ លោក ឡូវ សុខសាន ត្រូវ​បាន​គេ​ដឹង​ថា ជា​កូនប្រសាររបស់​ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុម​ប្រឹក្សាខេត្តកណ្តាល (អតីត​អភិបាលខេត្ត​កណ្តាល) ផងដែរ៕