ជាង 80ម៉ឺន​ដុល្លារ ឧកញ៉ា ឡេង ណាវ៉ាត្រា ​ធ្វើ​​ផ្លូវ ១១​ខ្សែ ជូន​ពលរដ្ឋ​ប្រើប្រាស់ព្រឹកមិញ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ផ្លូវ​បេតុង​ឆ្អឹង​ដែក​ ​ចំនួន​១១​ខ្សែ មាន​ប្រវែង សរុប​ប្រវែង​ជាង​៣​គីឡូ​ម៉ែត្រ​ ​នឹង​ប្រព័ន្ធ​លូ ស្ថិត​នៅ​​ភូមិ ត្រពាំង​រំចេក សង្កាត់​ ចោមចៅ​១ ដែល​ចំណាយ​អស់​ប្រាក់​ជាង​៨០​ម៉ឺន​ដុល្លារ ​ជា​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​របស់​​​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា​ត្រូវ​​បាន​​បើក​ការដ្ឋាន​សាងសង់​ហើយ កាល​ពី​ព្រឹក​ថ្ងៃ ទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ ក្រោម​អធិបតីភាព ឯកឧត្ដម ស៊ុយ សេរិទ្ធ អភិបាល​រង​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងចូលរួមពីលោក ហែម ដារិទ្ធ អភិបាល​ខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជិត ១០០០នាក់ នៅ​ក្នុង​បុរី​ «ឡេង ណាវ៉ាត្រា» ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហែម ដារិទ្ធ បានលើកឡើងថា វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក​អភិវឌ្ឍន៍​មូលដ្ឋាន​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងលោកឧកញ៉ា ឡេង ណាវ៉ាត្រា ​អគ្គនាយកក្រុមហ៊ុន «ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប» មកដល់ពេលនេះ បាន​ចំណាយ​ថវិកាផ្ទាល់ខ្លួន​ជាច្រើន ក្នុងការជួសជុលផ្លូវបេតុងឆ្អឹងដែកមានប្រវែងសរុប ៣៧៩៤ ម៉ែត្រ និង​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹកប្រវែង ៤៨៧០ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន ៨៧២៤៧១ដុល្លារ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២។

លោក ហែម ដារិទ្ធ បានបន្តថា ដោយពិនិត្យមើលឃើញពីស្ថានភាពផ្លូវខូចខាត និងមាន​ទឹកលិច​ផ្លូវលំនៅ​ដ្ឋាន​របស់បងប្អូនប្រជាពលរដ្ឋ នៅពេលមានភ្លៀងធ្លាក់មកខ្លាំងម្តងៗ សាលា ខណ្ឌ​ពោធិ៍​សែន​​ជ័យ ជាពិសេសសង្កាត់ចោមចៅទី២ ពិតជាមានសំណាង​ដោយទទួលបាននូវកា​ដូពិសេស​ពីលោកឡេង ណាវ៉ាត្រា ដោយក្រុមហ៊ុនរបស់លោក បន្តធ្វើការវិនិយោគ​សាងសង់​បុរី​ឡេង ​ណាវ៉ាត្រា ​លើផ្ទៃដីទំហំ១៥ ហិកតា។

ជាមួយគ្នានេះ​លោក ឡេង ណាវ៉ាត្រា នឹងចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀត សម្រាប់ធ្វើការ​ជួស​ជុល​ផ្លូវបេតុងឆ្អឹងដែកចំនួន ១១ខ្សែ ប្រវែង ៣១៩៥ម៉ែត្រ ចំណាយថវិកាចំនួន ៦១៣៤៤០​ដុល្លារ​ និង​ដាក់ប្រព័ន្ធលូអស់ថវិកាចំនួន ១៥៩៦០០ដុល្លារ ស្ថិតនៅក្នុងភូមិត្រពាំង​រំចេកសង្កាត់ចោមចៅទី១ ដែល​បាននិងកំពុងបើកការដ្ឋានដាក់ឲ្យដំណើរការនេះ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ បាន​ធ្វើ​ដំណើរ​ក៏ដូចជាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗមួយចំនួនទៀត។

លោក ស៊ុយ សេរិទ្ធ បានបញ្ជាក់ថា ពីមុនមកតំបន់នេះជាតំបន់ដែលលិចទឹក តែក្រោយ​ពីមាន​ការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន «ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប» បានកសាងហេដ្ឋារចនាសម្ព័ន្ធ នៅ​តំបន់​នេះជាច្រើន។

លោកថា «ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើក​ការដ្ឋាន​ស្ថាបនាផ្លូវចំនួន ១១ខ្សែ ដែលមានប្រវែងជាង ៣គីឡូម៉ែត្រ ដាក់ប្រព័ន្ធលូដោយចំណាយ ថវិកា​អស់ ប្រមាណជាង៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ​នៅក្នុងតំបន់នេះ»។

លោកអភិបាលរង បានបញ្ជាក់ថា ការវិនិយោគទៅលើអចនទ្រព្យនៅតំបន់នេះ គឺចំណេញទាំង​ពីរ​ផ្នែក ពោលគឺចំណេញទាំងរដ្ឋផង និងវិស័យឯកជនផង។ ប្រទេសជាតិមួយដែលរីកចម្រើន ខ្លាំង​ដាច់ខាត ​ត្រូវតែមានការចូលរួមពីវិស័យឯកជន។

ជាក់ស្ដែងនៅពេលនេះ ក្រុមហ៊ុនឯកជន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប បានកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​មាន​ទាំងផ្លូវ មានទាំងការដាក់បណ្ដាញលូ សងខាងផ្លូវ តំបន់នេះទៅអនាគតនឹងក្លាយជាទីក្រុង ដ៏តូច​មួយដែលមានផ្ទៃបៃតង។

លោក ស៊ុយ សេរិទ្ធ ក៏បានបញ្ជាក់ផងដែរថា «សម្រាប់រាជធានីភ្នំពេញរបស់យើងនា​ពេលបច្ចុប្បន្ន​នេះ គឺមាន​បញ្ហាស្ទះ៣ នោះគឺការកកស្ទះចរាចរណ៍ ការកកស្ទះសំរាម និងការកស្ទះបណ្ដាញលូ ដែលបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង រាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហាទាំងបីនេះអោយបានប្រសើរឡើង។
ជា​មួយ​នឹង​ការ​បើក​ការដ្ឋាន សាង​សង់​ផ្លូវ ប្រព័ន្ធ​លូ នឹង សាងសង់​បុរី ជា​ផ្លូវ​ការ ក៏​​មាន​ការ​ចែក​ជា​អំណោយ ដល់​ជន​ក្រីក្រ ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន សិស្សានុសិស្ស ដែល​សរុប​ជាង​ទឹក​ប្រាក់ ជិត​១ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង៕