មក​ដឹង​ដំណាក់​កាល​ពង្រីកទីក្រុង​ភ្នំពេញ​ជាង ៣០ ឆ្នាំចុងក្រោយ​

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញជារាជធានី និងជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត។ រាជធានីមួយ​នេះមានការការកែសម្រួលដែនដីព្រំប្រទល់ជា​បន្ត​បន្ទាប់ ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត និង​ស្រប​តាម​កំណើនប្រជាសាស្រ្ត​និង​ការ​អភិវឌ្ឍ​សង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរដ្ឋបាលរាជធានី​ភ្នំពេញ ការ​កែសម្រួល​ដែនដី​នៅ​រាជធានី​ភ្នំពេញ​មានជាច្រើន​ដំណាក់កាល​​ដូចជា៖

• លើកទី១ គឺការបញ្ចូលស្រុកដង្កោ

• លើកទី២ ការបង្កើតខណ្ឌឫស្សីកែវ

• លើកទី៣ ការបញ្ចូល៤ភូមិ របស់ឃុំកន្ទោក មកក្នុងដែលដីរដ្ឋបាលរាជធានីភ្នំពេញ

• លើក ទី៤ ការបញ្ចូល ២០ ឃុំ របស់ស្រុក៥ (ពញាព្ញ, មុខកំពូល, កៀនស្វាយ, កណ្តាលស្ទឹង, អង្គស្នួល) នៃខេត្តកណ្តាល មកក្នុងដែលដីរដ្ឋបាលរាជធានីភ្នំពេញ។

ដោយ​ឡែក​លើកចុងក្រោយ​នៅ​ឆ្នាំ ២០២០ រាជរដ្ឋាភិបាល​បាន​ប្រកាស​​កាត់​យក​ភូមិ​ចំនួន៥ ពី​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល មក​ដាក់​ឱ្យ​ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ភូមិទាំង៥នោះរួមមាន៖ ១. ភូមិស្ទឹងជ្រៅ និង២. ​ភូមិព្រែកតាពៅ នៃ​សង្កាត់​ដើមមៀន, ៣. ភូមិ​ព្រែកអញ្ចាញ នៃ​សង្កាត់​ព្រែកឫស្សី, ៤. ភូមិព្រែកឡុង នៃ​សង្កាត់​តាក្តុល និង ៥. ភូមិ​បត្តាជី នៃសង្កាត់​ព្រែកហូរ ដែល​ផ្ទៃដី​សរុបទំហំ ៣០២ ហិកតា ៩៣៩១ ម៉ែត្រការ៉េ។

ការសម្រួល​ព្រំប្រទល់ខាងលើ​នេះ គឺដើម្បី​ដោះស្រាយ​ផលប៉ះពាល់ និង​ជួយ​សម្រួល​ដល់ការអនុវត្តគម្រោង​ប្លង់មេសម្រាប់​អភិវឌ្ឍន៍​ទីក្រុង​រណបបឹងទំពុន និង​បឹងជើងឯក ក៏ដូចជា​ការជួយសម្រួល​ដល់ការគ្រប់គ្រងរដ្ឋបាល​ កិច្ចការអភិវឌ្ឍន៍ និង​ការផ្តល់សេវាសាធារណៈ ព្រមទាំង​ងាយស្រួល​ក្នុងការចុះបញ្ជីវិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុ (សម្រាប់ជូនវត្ត) ផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏​កាត់​យក​ផ្ទៃ​ដីទំហំ ២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែក​ដីនៃ​វត្ត​បុទុមសាគរ ហៅ​វត្ត​ទួលតាក្របៅ) ពី​សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ឱ្យ​មក​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​សង្កាត់​ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល​វិញ​ផងដែរ។

បើយោងតាមអនុក្រឹត្យ ស្ដីពី «ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីនៅរាជធានីភ្នំពេញឆ្នាំ២០៣៥ ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញនឹងពង្រីកវិសាលភាពភូមិសាស្ត្រកាន់តែធំ នៅក្នុងទម្រង់ជាកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ដែលជាប៉ូលសេវាកម្មកណ្ដាលមួយក្នុងតំបន់វាលទំនាប ហើយចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថាអាចនឹងឡើងដល់ ៦លាននាក់ ផងដែរ។

រាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាដែលជាតំបន់ប្រមូលផ្ដុំមជ្ឈមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គម និងវប្បធម៌ដែលជាប្រភពទាក់ទាញស្រូបយកការធ្វើចំណាកស្រុកពីបណ្ដាខេត្តផ្សេងៗ ដង់ស៊ីតេប្រជាជន​បាន​កើនដល់​ទៅ ៣ ៣៦១ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខណៈ​រាជធានីមួយនេះ មានប្រជាជន ២.២៨ លាននាក់។

បច្ចុប្បន្ន ទីក្រុងភ្នំពេញបានពង្រីកផ្ទៃដីជាបន្តបន្ទាប់ ដែលមុននេះផ្ទៃដីទីក្រុងភ្នំពេញ គឺមានចំនួន ៣០០​គីឡូម៉ែត្រ​ការរ៉េ ឥឡូវនេះផ្ទៃដីទីក្រុងភ្នំពេញបានកើនដល់ ជិត ៧០០ម៉ែត្រគីឡូម៉ែត្រការ៉ែ។ ការពង្រីកខ្លួនរបស់រាជធានីភ្នំពេញ បាន​រួមចំណែក​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​លើក​ស្ទួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ ខណៈ​ដីធ្លី​មានការ​ហក់​ឡើង៕