ក្រសួង​រៀបចំ​ដែន​ដី ប្រាប់​គម្រោង​លំនៅដ្ឋាន ៤ កន្លែង សម្រាប់​អ្នកត្រូវការទិញ​ផ្ទះ​តម្លៃ​សមរម្យ​

សង្គម​និង​សេដ្ឋកិច្ច

បើតាម​លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់​សន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នាព្រឹកថ្ងៃទី ២៤ ខែសីហានេះ ដោយ​បង្ហាញពី​គម្រោងលំនៅដ្ឋាន​ចំនួន ៤ កន្លែង សម្រាប់​ពលរដ្ឋ​ចង់​បាន​លំនៅឋានតម្លៃសមរម្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​ការ​ឲ្យ​ដឹង​របស់​មន្រ្តី​រូបនេះ ទីតាំង​គម្រោងទាំង ៤ កំពុង​សាងសង់ដោយ​សហការ​ជាមួយ​ដៃគូ​ឯកជន មាន​ទីតាំង​​ស្ថិតនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

-ក្រុមហ៊ុន WorldBridge Home Co.,Ltd ដែល​កំពុង​អភិវឌ្ឍគម្រោង “លំនៅឋានទីក្រុងរណបសិរីមង្គល” ចំនួន ២,៤៥៧ខ្នង លើផ្ទៃដីទំហំ ២៤ហិកតា ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រុមហ៊ុនបានបញ្ចប់គម្រោងដំណាក់កាលទី ១ និងបានប្រគល់លំនៅឋានចំនួន ៦៨០ខ្នង ជូនប្រជាពលរដ្ឋនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ ហើយការសាងសង់ដំណាក់កាលទី ២ សម្រេចបាន ៩៥ភាគរយ។

-ក្រុមហ៊ុន B & BM Development Co.,Ltd អភិវឌ្ឍគម្រោង “បុរីសែនមនោរម្យព្រែកតាទែន” ចំនួន ៥, ៣៤០ខ្នង លើផ្ទៃដីទំហំ ៨០ហិកតា ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញា​ឮ ខេត្តកណ្ដាល សម្រេចបាន ៩៣​ភាគរយ។

-ក្រុមហ៊ុន ARAKAWA Co.,Ltd អភិវឌ្ឍគម្រោង “លំនៅឋានអារ៉ាខាវ៉ា” ចំនួន ២,៩៦ ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ដំណាក់កាលទី ១ សម្រេចបាន ១០០ភាគរយ និងដំណាក់កាលទី ២ សម្រេចបាន ៧៧ភាគរយ។

-ក្រុមហ៊ុន ប៊ីអជីភី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក អភិវឌ្ឍ “បុរីហ្គ្រេនផាក” ចំនួន ៥៣៤ខ្នង លើផ្ទៃដីទំហំ ៥,១៦ហិកតា ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដំណាក់កាលទី ១ សម្រេចបាន ១០០ភាគរយ និងដំណាក់កាលទី ២ សម្រេចបាន ១៣ភាគរយ៕