មន្រ្តីបរិ​ស្ថាន ​ជំ​រុ​​ញ​​ឲ្យ​មាន​ការ​​អភិរ​ក្សតំ​ប​ន់ការពារ​ទេស​ភាព​អន្លង់​ព្រី​ង​មានជីវ​​ចម្រុះ និង​​សត្វ​​​ស្លាប​ជិត ១​០​០​​ប្រភេទ

សង្គម​និង​សេដ្ឋកិច្ច
តំបន់ការពារទេសភាពអន្លង់ព្រីងជាតំបន់ដីសើមមួយកន្លែង​ដែលមានសារៈ​ប្រយោជន៍​ខ្លាំង​​ណាស់ ព្រោះជាទីជម្រករបស់ជីវចម្រុះ និងសត្វស្លាបជិត១០០ប្រភេទ។ នេះជាការ​លើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា។ ទន្ទឹមនឹងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញ និងអំពា​វនាវ​ដល់មន្ត្រីជំនាញ  អង្គការដៃគូ អាជ្ញាធរ​និងប្រជាពល​រដ្ឋត្រូវប្តេជ្ញាអ​ភិរក្សតំបន់​ដីសើម​នេះឱ្យនៅគង់វង្ស ស្ថិតស្ថេរសម្រាប់បម្រើជាប្រយោ​ជន៍ដល់​អ្នកភូមិនៅក្បែរ ពិសេស​ក្មេងជំនាន់ក្រោយតាមរយៈការចងក្រងបង្កើតជាតំបន់អេកូទេសចរណ៍ដ៏ទាក់ ទាញនៅថ្ងៃខាងមុខ។ លោក នេត្រ ភក្ត្រា ថ្លែងបែបនេះ នៅក្នុងពិធីប្រារព្ធទិវាតំបន់ដីសើម ពិភពលោក​ឆ្នាំ២០២០ ក្រោមប្រធានបទ តំបន់ដីសើម និងជីវចម្រុះ”  នៅ សាលាបឋមសិក្សា ថ្មបើកស្ថិតនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីពេលថ្មីៗកន្លងមកនេះ។ ព្រះរាជាណាកច្រកម្ពុជា មានផ្ទៃតំនប់ដីសើមប្រមាណ ៤០ភាគរយ  ហើយតំបន់ដីសើម គឺសំដៅលើដីមានសំណើម ដូចជានៅតំបន់បឹងទន្លេសាប ទន្លេមេគង្គ និងវាលទំ​នាប​មួយចំនួនផងដែរ។  ដោយឡែកតំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ដីសើមដែលមានផ្ទៃដី ប្រមាណ ២១៧ហិកតា ដែលបាន និងកំពុងអភិរក្ស ហើយតំបន់នេះមានលក្ខណៈ ពិសេសត្រង់​ថា ជាជម្រកសត្វស្លាបច្រើន ប្រមាណជិត១០០ប្រភេទ ហើយខ្លះជាប្រភេទ​បក្សីកម្រ​ជិតផុតពូជ ពីភពផែនដី  ដូចជាសត្វក្រៀលជាដើម ដែលមាន​ចំនួនជាង១០០​ក្បាល នៅតំបន់ការពារទេសភាពអន្លង់ព្រីងនេះ៕