ដឹងអត់ថា នៅរាជធានីភ្នំពេញបច្ចុប្បន្ន មានអភិបាលខណ្ឌ ២រូប មានងារ «ឯកឧត្តម»

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ អភិបាល​ខណ្ឌ​មួយ​ចំនួន ​​ដែល​​ធ្វើ​ឱ្យ​បច្ចុប្បន្ន​នេះ​ ​​​ក្នុង​ចំណោម​អភិបាល​ខណ្ឌ​ទាំង ​១៤រូប នៃ​រដ្ឋបាល​រាជធានីភ្នំពេញ គឺ​មាន​​អភិបាល​​ខណ្ឌ​​២​រូប ​ដែល​មាន​ងារ​ “ឯកឧត្តម”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. ឯកឧត្តម សុខ សម្បត្តិ៖ អភិបាលខណ្ឌ​បឹង​កេងកង

លោក សុខ សម្បត្តិ ​ឋានន្តរស័ក្តិ​ ឧត្តមមន្ត្រី ថ្នាក់​លេខ៤ ជា​​​អតីត​អភិបាល​ខណ្ឌ​ព្រែកព្នៅ ​និង​ទើប​​ត្រូវ​បាន​ផ្លាស់ប្តូរ​មក​​កាន់​តំណែង​ជា​អភិបាលខណ្ឌ​បឹងកេងកង ​តាម​រយៈ​អនុក្រឹត្យ​ថ្មី កាល​ចុង​ខែ​កក្កដា ឆ្នាំ២០២២​នេះ។

លោក សុខ សម្បត្តិ ​​បាន​ទទួល​ងារ “ឯកឧត្តម” ​បន្ទាប់ពី​ត្រូវ​បាន​ព្រះមហាក្សត្រ ​​ចេញ​ព្រះរាជក្រឹត្យ​​ តែង​តាំង​ និង​ផ្តល់​ឋានៈ​​ដល់​រូប​លោក ជា​ជំនួយ​ការ​សម្តេច​​​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​មាន​ឋានៈ​ស្មើ «អនុរដ្ឋលេខាធិការ» ​​កាល​ពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ២០១៩។

២. ឯកឧត្តម ជា ពិសី៖ អភិបាលខណ្ឌ​ទួលគោក

លោក ជា ពិសី អតីត​អភិបាលរង​ខណ្ឌ​ឫស្សីកែវ និង​ក្រោយ​មក​ទទួល​បាន​ការ​តែងតាំង​ជា​អភិបាល​ខណ្ឌ​ឫស្សីកែវ កាល​ថ្ងៃទី​០១ ខែមីនា ឆ្នាំ២០១៦។ លោក​ត្រូវ​បាន​សម្តេច​តេជោ ចេញ​អនុក្រឹត្យ​​​​​ ផ្ទេរ​មក​កាន់​តំណែង​ជា​អភិបាល​ខណ្ឌ​ទួលគោក ​​កាល​ពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០២១។

​​លោក ជា ពិសី ​បាន​ទទួល​ងារ “ឯកឧត្តម” ​​បន្ទាប់ពី​ប្រមុខរដ្ឋស្តីទី សម្តេច​វិបុលសេនា​ភក្តី សាយ ឈុំ ​​ចេញ​ព្រះរាជក្រឹត្យ ​តែងតាំង​​រូប​លោក​​ក្នុង​ចំណោម​សមាជិក​ក្រុមលេខា​សម្តេច​តេជោ ហ៊ុន សែន ហៅកាត់ថា ក្រុម​លេខា​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ «អគ្គនាយក» កាល​ពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៨។

សូម​បញ្ជាក់​ថា បើ​តាមច្បាប់ នៅតាមរដ្ឋបាល​រាជធានី ខេត្ត មានតែអភិបាលរាជធានី ឬអភិបាលខេត្ត តែប៉ុណ្ណោះ ដែល​មាន​ងារជា ឯកឧត្តម លោកជំទាវ ចំណែកឯអភិបាលរង រាជធានី ខេត្ត និង​អភិបាល​ក្រុង ស្រុក ខណ្ឌ ឯ​ទៀត មានងារត្រឹមលោក ឬលោកស្រីតែប៉ុណ្ណោះ។ តែបើអភិបាលរងរាជធានីខេត្ត ឬ​អភិបាល​ក្រុង ស្រុក ខណ្ឌ នោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ដែល​ចេញ​ដោយ​ព្រះរាជក្រឹត្យ នោះ​ទើបមានងារជា ឯកឧត្តម លោកជំទាវ។ ម្យ៉ាងទៀត បើស្វាមីមានងារ​ជាឯកឧត្តម នោះភរិយារបស់ជននោះ នឹងមានគោរមងារជា លោកជំទាវ ដោយស្វ័យ​ប្រវត្តិ៕