Galaxy លេងឈុតធំ ត្រៀមអាល់ប៊ុមនារដូវភ្ជុំបិណ្ឌ

កម្សាន្ត

ផលិតកម្ម Galaxy Navatra កាលពីថ្ងៃអាទិត្យកន្លងទៅបានចេញថត MV អាល់ប៊ុម របស់ខ្លួនត្រៀមបម្រើអារម្មណ៍ពុកម៉ែបងប្អូន នារដូវភ្ជុំបិណ្ឌខាងមុខនេះ។ អ្វីដែលជាការកត់សម្គាល់នៅ ក្នុងសកម្មភាពនោះ ក្រៅពីកំពូលតារាចម្រៀងល្បីក្នុងផលិតកម្ម គេកត់សម្គាល់ឃើញថា មានស្រីស្អាតរហូតដល់ទៅជាង៥០០នាក់ គ្រងសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជាទីបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សកម្មភាពថត MV នេះបានធ្វើឡើងនៅអាគារ Diamond City Hall មជ្ឈមណ្ឌលកោះពេជ្រ ដោយក្នុងនោះមានបទចម្រៀងជាច្រើនបទ ហើយមានគ្រប់ទម្រង់សម្រាប់បម្រើអារម្មណ៍ពុកម៉ែបងប្អូន នារដូវភ្ជុំបិណ្ឌខាងមុខនេះតែម្ដង។

អ្វីដែលកាន់តែពិសេសលើសពីសព្វដងនោះ ពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បង្ហាញវត្តមានចុះផ្ទាល់ ដើម្បីលើកទឹកចិត្តក្រុមការងារផលិត ក៏ដូចជាតារាសម្ដែងទាំងអស់យ៉ាងសប្បាយរីករាយ ដោយសកម្មភាពថតនោះបានធ្វើឡើងតាំងតែពីព្រឹករហូតដល់ទើបភ្លឺតែម្ដង។

ទទឹមគ្នានោះដែរអ្នកឧកញ៉ា ក៏បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹកលើផេកផ្ទាល់ខ្លួន និងបានលើកឡើងថា៖ “រួមគ្នាដើម្បីសិល្បៈវប្បធម៌យើង” ហើយអ្នកឧកញ៉ាបានបញ្ជាក់ផងដែរថា “គ្រប់ការងារដឹកនាំទាំងអស់ ត្រូវតែមានភាពម្ចាស់ការ ការងារសិល្បៈមិនបានចំណេញថវិកានោះទេក៏ប៉ុន្តែយើងត្រូវតែប្រឹងប្រែងដើម្បីអភិវឌ្ឍភាពរីកចម្រើនជាមួយនឹងប្រទេសជាតិដែលកំពុងតែរីកចម្រើនគ្រប់វិស័យ គ្រប់យ៉ាងបើមានកំហុស សូមរិះគន់ដើម្បីស្ថាបនាទៅរកចំណុចដែលត្រឹមត្រូវ ក្រុមការងារនិងប្រឹងកែតម្រូវ។ ខ្ញុំដឹងថាមិនអាចល្អឥតខ្ចោះនោះទេប៉ុន្តែមានតែការប្រឹងប្រែង កែប្រែតស៊ូព្យាយាម កែតម្រូវប៉ុណ្ណោះទើបទទួលបានលទ្ធផល។”

អ្នកឧកញ៉ាបន្តលើកឡើងដោយមោទកភាពថា “នេះជាសមិទ្ធផលមួយសម្រាប់ជីវិតខ្ញុំ ដែលអាចធ្វើវាបានយ៉ាងលំបាក។ សិល្បៈរបស់យើងត្រូវតែប្រកួតប្រជែងជាមួយពិភពលោក សាមគ្គីភាព ការប្ដេជ្ញាចិត្តគង់ថ្ងៃណាមួយមានឱកាស។”

សូមជម្រាបថា គ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្មGalaxy Navatra មានដូចជា ឧកញ៉ា ព្រាប សុវត្ថិ , ខេម, តន់ ចាន់សីម៉ា, អ៊ុក សុវណ្ណារី,ធឿន បូរី, វង្ស ថាណាន់ និង ពូ ជាដើម ត្រូវបានថ្នាក់ដឹកនាំ រៀបចំឲ្យមានបទចម្រៀងច្រៀងគ្រប់ៗគ្នា ដែលបទចម្រៀងទាំងនោះ សុទ្ធតែជាបទចម្រៀង មេឡូឌីថ្មីៗ មានគ្រប់បែបគ្រប់ទម្រង់ ដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ កន្ទ្រឹម ឡាំលាវជាដើម។

សង្ឃឹមថា បទចម្រៀងដែលផលិតនេះ នឹងជាចំណែកមួយជួយបម្រើអារម្មណ៍ពុលម៉ែបងប្អូន ឲ្យមានភាពសប្បាយរីករាយ នាថ្ងៃជួបជុំគ្រួសារនារដូវភ្ជុំបិណ្ឌខាងមុខនេះជាក់ជាមិនខាន៕