រុស្ស៊ី បញ្ជាក់ថាពលរដ្ឋខ្លួននៅតែអាចបញ្ជាទិញ iPhone ជំនាន់ថ្មី ទោះ Apple បញ្ឈប់អាជីវកម្មក្តី

អន្តរជាតិ

យោងតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រុស្ស៊ីមួយរូប បាននិយាយប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន RIA Novosti ថា ពលរដ្ឋរបស់រុស្ស៊ី នឹងនៅតែមានឱកាស ដើម្បីបញ្ជាទិញទូរស័ព្ទ iPhone 14 ដែលជាជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple តាមរយ:គម្រោងនាំចូលក្រៅផ្លូវការមួយរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ បើទោះបីជាក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចាកចេញពីរុស្ស៊ីហើយក្តី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសរុស្ស៊ី បានធ្វើការប្រកាសអំពីគម្រោងនេះ កាលពីខែមីនាកន្លងទៅ នៅពេលដែលខ្លួនបានអនុញ្ញាតឱ្យក្រុមហ៊ុនលក់រាយនៅក្នុងស្រុក នាំចូលផលិតផលពីបរទេស ដោយមិនចាំបាច់ទទួលបានការបញ្ជាក់ស្លាកសញ្ញា ពីម្ចាស់ផលិតផលនោះឡើយ ។

យ៉ាងណា នៅពេលត្រូវបានគេសួរនាំថា តើទូរស័ព្ទជំនាន់ចុងក្រោយរបស់ Apple នឹងត្រូវនាំចូលតាមរយ:គម្រោងនេះដែរទេ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី លោក Denis Manturov បាននិយាយថា ៖ ” ហេតុអ្វីមិនបាន? ប្រសិនបើអ្នកប្រើប្រាស់ចង់ទិញទូរស័ព្ទទាំងនោះ វានឹងអាចទៅរួច ” ។

ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តរបស់រុស្សី MTS នៅព្រឹកថ្ងៃព្រហស្បតិ៍ បានបើកការបញ្ជា​កក់ទុកមុនរួចហើយ សម្រាប់ iPhone 14​ ក្នុងតម្លៃចាប់ផ្តើមពី ៨៤ ៩៩០ រូបល (១ ៣៩៨ ដុល្លារ) សម្រាប់ទំហំផ្ទុក ១២៨ជី ។ MTS បាននិយាយទៀតថា ការដឹកជញ្ជូនអាចចំណាយពេលរហូតដល់ ១២០ ថ្ងៃ ហើយក្រុមហ៊ុនរក្សាសិទ្ធិ ក្នុងការលុបចោលការបញ្ជាទិញវិញ ប្រសិនបើវាប្រឈមមុខនឹង​ឧបសគ្គ​ ក្នុងការនាំចូលផលិតផលនោះ ។

គួរឱ្យដឹងថា ក្រុមហ៊ុន Apple បានបញ្ឈប់ការលក់ផលិតផលថ្មីៗរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីខែមីនាមក ពោលគឺនៅត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសរុស្ស៊ី បានបើកការលុកលុយទៅលើអ៊ុយក្រែន ៕