សម្តេច ហ៊ុន សែន ព្រមាន​​អ្នកបំ​ពា​ន​​​ច្បាប់ចរាចរណ៍​បីដងដក​សិទ្ធិ​ឈ​​ប់​ឲ្យបើក​បរ១ឆ្នាំទៅ២ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញឱ្យមានការសិក្សា ដើម្បីដាក់ពិន័យឱ្យបានតឹងរឹងចំពោះអ្នកមិនគោរពច្បាប់​ចរាចរណ៍​បីដង ត្រូវដកហូត ប័ណ្ណបើកបរ និងឈប់ឲ្យបើកបរមួយរយៈ។ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ​ឆ្នាំ​ ២០២០ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រូវធ្វើការសិក្សាពិនិត្យ​ចំពោះការ​អនុវត្ត​​ច្បាប់​ចរាចរណ៍ឱ្យបានតឹងរឹង។ ដោយសម្តេចសង្កត់ធ្ងន់ថា «វិសោធនកម្ម​ច្បាប់ ឬធ្វើអ្វី​បានគឺត្រូវតែធ្វើ»។

សម្តេចបញ្ជាក់ថា ប្រសិនបើមិនធ្វើដូចនេះ អ្នកដែលមានលុយ នៅតែបំពានច្បាប់ ដូច្នេះត្រូវតែយកអ្នកដែលមិនគោរពច្បាប់ចេញពីផ្លូវឲ្យអស់ ដោយទុកឲ្យនៅក្នុងផ្ទះ ពោលគឺអាចធ្វើដំណើរលើដងផ្លូវបាន តែគ្មានសិទ្ធិបើកបរដោយខ្លួនឯង។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា នៅឆ្នាំ ២០១៩ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង​យ៉ាងគំហុក បើធៀបជាមួយនឹងឆ្នាំ ២០១៨  ។ សម្តេចសម្តែងការព្រួយបារម្ភ ប្រសិនបើ​កំណើននេះ ពុំមានការថមថយ នៅឆ្នាំបន្តបន្ទាប់ទៀត។

សម្តេចក្រឡាហោមលើកឡើងថា នៅឆ្នាំ ២០២០នេះ ប្តេជ្ញាថា នឹងកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍ឲ្យខានតែបាន។ ពោលគឺធ្វើយ៉ាងណាឲ្យនៅប្រហាក់ហែលឆ្នាំ ២០១៨ និងទាបជាងឆ្នាំ ២០១៩។

សូមបញ្ជាក់ថា ក្នុងរយៈពេលពេញ ១ឆ្នាំ២០១៩ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១៩៨១នាក់ និងរងរបួសចំនួនជាង ៦ពាន់នាក់ ។ នេះបើយោង​តាមរបាយការណ៍ ស្ដីពី គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ។ របាយការណ៍បានឲ្យដឹងទៀតថា ចំនួនមនុស្សស្លាប់ឆ្នាំ ២០១៩ កើនលើសពីឆ្នាំ២០១៨ ចំនួន២២០នាក់៕