ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន Evergrande សន្យាបន្តសាងសង់គម្រោងសេសសល់ នៅចុងខែនេះ

អន្តរជាតិ

ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ប្រទេសចិន China Evergrande បានធ្វើការសន្យាថា នឹងបន្តសាងសង់គម្រោងអចលនទ្រព្យ ដែលនៅសេសសល់របស់ខ្លួនទាំងអស់ នៅចុងខែកញ្ញានេះ បន្ទាប់ពីក្រមហ៊ុន ដែលជំពាក់បំណុលច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ កំពុងព្យាយាមសម្រួលដល់អតិថិជនរបស់ខ្លួន ដែលបានធ្វើកូដកម្មមិនព្រមបង់ប្រាក់ ចំពោះគម្រោងផ្ទះ សាងសង់មិនទាន់ហើយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Evergrande នឹងបន្តសាងសង់គម្រោង ដែលនៅសេសសល់របស់ខ្លួនចំនួន ៣៨ នៅចុងខែនេះ បន្ទាប់ពីគម្រោង​ចំនួន ៦២ បានវិលត្រលប់មកចាប់ផ្តើមសាងសង់ជាធម្មតាវិញហើយ ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានក្រុមហ៊ុន លោក Hui Ka Yan នៅក្នុងកិច្ចប្រជុំមួយ កាលពីដើមសប្តាហ៍នេះ ។

បើយោងតាមសេចក្តីជូនដំណឹង ដោយក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះ បានបង្ហាញថា គម្រោងនៅទូទាំងប្រទេស ចំនួន ៦៦៨ កំពុងតែចាប់ផ្តើមបន្តការសាងសង់ឡើងវិញ និងមានខ្លះបានប្រគល់ជូនអ្នកទិញរួចរាល់ហើយ ក្នុងចំណោមគម្រោងសរុប ចំនួន ៧០៦ ។

“ យើងត្រូវតែខិតខំប្រឹងប្រែង ដើម្បីអាចធានាដល់ការផ្តត់ផ្គង់គម្រោងសម្រាប់អតិថិជន។ ហើយមានតែវិធីនេះប៉ុណ្ណោះ ដែលអាចយើងទាញយកទំនុកចិត្តរបស់អ្នកទិញផ្ទះ ដើម្បីបន្តការលក់ រួមទាំងការសងបំណុលគ្រប់ប្រភេទ និងគេចចេញពីគ្រាដ៏លំបាកនេះ ” ។ នេះបើយោងតាមការលើកឡើងរបស់លោក Hui ក្នុងអំឡុងកិច្ចប្រជុំ ។

គួរឱ្យដឹងថា Evergrande បានក្លាយជាក្រុមហ៊ុនអចលនទ្រព្យធំបំផុត ដែលធ្លាក់ចូលទៅក្នុងវិបត្តិបំណុលធ្ងន់ធ្ងរ ខណ:បញ្ហានេះ បានធ្វើឱ្យក្រុមហ៊ុនត្រូវបង្ខំចិត្តផ្អាកគម្រោងសាងសង់ និងជំរុញឱ្យម្ចាស់ផ្ទះរាប់សែននាក់ តវ៉ាឈប់ធ្វើការទូទាត់ប្រាក់កម្ចីទិញផ្ទះរបស់ពួកគេ ទៅលើគម្រោងដែលសាងសង់មិនទាន់រួចរាល់ ។

បញ្ជាក់ថា Evergrande ដែលខកខានក្នុងការសងបំណុលបរទេសកាលពីខែធ្នូឆ្នាំមុន ថ្មីៗនេះ បានធ្វើការបង្ហាញពីផែនការបឋម ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុល ៣០០ ពាន់លានដុល្លាររបស់ខ្លួនឡើងវិញ តែយ៉ាងណាពួកគេ មិនបានរៀបរាប់លម្អិតអំពីរបៀបដែលក្រុមហ៊ុន នឹងធានាចំពោះមូលនិធិ ដើម្បីបន្តការសាងសង់គម្រោងឡើងវិញនោះទេ ខណ:កាលពីសប្តាហ៍មុន Evergrande បាននិយាយថាខ្លួន នឹងលក់ភាគហ៊ុនដែលនៅសល់ ក្នុងធនាគារ Shengjing របស់ប្រទេសចិន ក្នុងតម្លៃ ១,១ ពាន់លានដុល្លារ ៕