កូនអ្នកស្រែកំព្រាឪពុកម្នាក់ ទទួលបានការតែងតាំងជា «អភិបាលរង» ខេត្តតាកែវ

សង្គម​និង​សេដ្ឋកិច្ច

លោក ម៉ម កាយ ជាអតីតសិស្សពូកែអក្សរសាស្ត្រខ្មែរ ដែលរយៈពេល ២ម៉ោង លោកមានសមត្ថភាព សរសេរ​តែងសេចក្តីបានរហូតដល់ទៅ ៧ទំព័រ ប្រកបដោយអត្ថន័យ អត្ថរូប អត្ថរស និង​រចនាបថល្អស្អាត ព្រមទាំង​ជាសិស្សពូកែគរុកោសល្យ​លើឯកទេស​អក្សរសាស្ត្រខ្មែរផងដែរនោះ ត្រូវបាន​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជាចេញអនុក្រឹត្យតែងតាំងជាអភិបាលរងខេត្តតាកែវ កាលពី​​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉ម កាយ ជាកូនអ្នកស្រែហើយកំព្រាឪពុក តែលោកបានខិតខំប្រឹងប្រែងសិក្សារហូតក្លាយជា​សិស្ស​ពូកែម្នាក់ក្នុងចំណោមសិស្សពូកែៗដទៃៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមសង្ខេបប្រវត្តិការសិក្សា របស់លោក ម៉ម កាយ ដូច​ខាង​ក្រោម៖

-លោក ម៉ម កាយ ជាអតីតសិស្សពូកែអក្សរសាស្ត្រខ្មែរ (ឆ្នាំ១៩៩៨) ដោយក្នុងរយៈពេល ២ម៉ោង លោក​មានសមត្ថភាពសរសេរតែងសេចក្តីបានរហូតដល់ទៅ ៧ទំព័រ ប្រកបដោយ រចនាបទ អត្ថន័យ អត្ថរូប អត្ថរស និងអក្ខរាវិរុទ្ធ (កិច្ចការស្អាត) ដែលអាចទទួលយកបាន

-លោកទទួលបានបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ, ច្បាប់ និងទំនាក់ទំនងអន្តរជាតិ

-លោកទទួលបានសញ្ញាបត្រគរុកោសល្យឯកទេសអក្សរសាស្ត្រខ្មែរ និងជាគរុសិស្សឆ្នើមប្រចាំជំនាន់

-លោកទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែករដ្ឋបាលសាធារណៈ (សិក្សាជាភាសាអង់គ្លេស)

-លោកបានទទួលការបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល

-លោកធ្លាប់សិក្សានៅប្រទេសជប៉ុន លើមុខវិជ្ជាសំខាន់ៗដូចជា៖ “ការការពារបរិស្ថាន ,ការគ្រប់គ្រងកាក សំណល់រឹងរាវ, ប្រព័ន្ធលូបង្ហូរ, សុខភាពសាធារណៈ, ការកសាងនិងថៃរក្សាសន្តិភាព, និងផែនការ​អភិវឌ្ឍន៍​ទីក្រុង” ដោយទទួលបានលទ្ធផលជ័យលាភីល្អ​ក្នុងចំណោមបេក្ខជននិស្សិតមកពី​បណ្តាប្រទេស​អាស៊ាន រហូតទទួលបានការកោតសរសើរពី ឯកឧត្តមអភិបាលទីក្រុងហ៊ីរ៉ូហ្សីម៉ា ប្រទេសជប៉ុនថែម​ទៀត​ផង។

-លោកធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅប្រទេសចិន ក្នុងកម្មវិធី “អ្នកដឹកនាំវ័យក្មេង ចិន-អាស៊ាន”

-លោកធ្លាប់ចូលរួមធ្វើទស្សនកិច្ចសិក្សានៅ ប្រទេសនេប៉ាល់ ប្រទេសចិន ប្រទេសជប៉ុន ប្រទេសបារាំង ប្រទេសប៊ែលហ្សិក និង ប្រទេសស្វីសផងដែរ។

ទន្ទឹមនឹងនោះដែរ លោក ម៉ម កាយ ក៏ជាសមាជិកនៃ (ចៅហ្វាយក្រុង សម្រាប់សន្តិភាព) ( Mayors for Peace Member ) តាំងពីឆ្នាំ 2015 រហូតមកដល់បច្ចុប្បន្ននេះ ដោយមានទីក្រុងជាសមាជិកសរុប 8200 ទីក្រុង នៃប្រទេស ចំនួន 166 នៅជុំវិញពិភពលោក ដែលបង្កើតឡើងនៅ ប្រទេសជប៉ុន ហើយ ចៅហ្វាយក្រុង ហ៊ីរ៉ូហ្ស៊ីម៉ា ប្រទេសជប៉ុន នាបច្ចុប្បន្ន ជាប្រធាន។

ចំណែក​ឯ​បទពិសោធន៍​ការងារ​វិញ លោក ម៉ម កាយ មានបទពិសោធន៍​បម្រើការងារនៅក្រសួងអប់រំ យុវជន និង​កីឡា, ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ (ក្នុងតួនាទីជាជំនួយការឯកឧត្តមរដ្ឋមន្ត្រី)។ លោក​ក៏​ជាអតីតប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ស្រុក ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០២០ ហើយ​លោក​បានចូលរួមការងារសង្គម មនុស្សធម៌យ៉ាងសកម្មជាច្រើនផងដែរ ដូចជា ការចែករំលែកចំណេះដឹង​លើការអប់រំយុវជន ការបង្រៀនភាសាអង់គ្លេស ការបង្រៀនគន្លឹះសំខាន់ៗនៃការត្រៀមប្រលង​សញ្ញាប័ត្រ​ទុតិយភូមិ ការត្រៀមខ្លួនក្លាយជាសិស្សពូកែ ការត្រៀមខ្លួនជាយុវជនបន្តវេន ការសំអាតបរិស្ថាន សិល្បៈ​កីឡា ការដាំដើមឈើ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងការសម្របសម្រួលទំនាស់ក្រៅ​ប្រព័ន្ធ​តុលាការ​ជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ក្នុងពេលលោកបំពេញ​តួនាទីជាអភិបាលរង​ស្រុកបាភ្នំ ២អាណត្តិ៕