សហគមន៍​កសិកម្ម​ ៥​ ទទួល​បាន​ជ័យលាភី​ឆ្នើម​ឆ្នាំ​​២០២០​

សង្គម​និង​សេដ្ឋកិច្ច

សហគមន៍​កសិកម្ម​ ៥​ ទទួល​បាន​ជ័យលាភី​ឆ្នើម​ឆ្នាំ​​២០២០​ ខណៈ​ធ្វើ​ពិធី​ប្រគល់​ជ័យលាភី​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​​លោក វេង សាខុន​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​កាល​ពីថ្ងៃទី២៥ ខែ​កុម្ភៈ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ឆ្នាំនេះជ័យលាភីលេខ១: បានទៅសហគមន៍កសិកម្មតស៊ូមានជ័យ លេខ២: សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង លេខ៣: សហគមន៍កសិកម្មបុរីអភិវឌ្ឍន៍ លេខ៤: សហគមន៍កសិកម្មអញ្ញាញរូងសម័យថ្មី និងលេខ៥: សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ។ យោងលើសេចក្តីត្រូវការជាក់ស្តែង ឆ្នាំនេះក្រសួងសម្រេចជូនសហគមន៍កសិកម្មដែលទទួលបានជ័យលាភីទាំង៥ ជាថវិកាវិញ ដើម្បីយកទៅប្រើប្រាស់តាមការចាំបាច់ក្នុងសហគមន៍របស់ខ្លួន ដែលមានតាមលំដាប់លំដោយពីលេខ០១ ដល់លេខ០៥ ដូចតទៅ ១៦លានរៀល ១០លានរៀល ៨លានរៀល ៦លានរៀល និង ៤លានរៀល ព្រមទាំងប័ណ្ណសរសើរផងដែរ។

លោក​ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីការ រៀបចំសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងដំណើរការនៃ​ការជ្រើសរើសសហគមន៍កសិកម្មឆ្នើមផ្តល់ជ័យលាភី និងវិញ្ញាសារប្រឡងជ្រើសរើស។

មានមតិសំណេះសំណាលនាឱកាសនេះ លោក​​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​​កោត​សរសើរ​ចំពោះសហគមន៍កសិកម្មទាំង៥ ដែលទទួលបានជ័យលាភីនៅឆ្នាំនេះ និងបានវាយ​តម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹង ប្រែង យកអស់ស្មារតីទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស​អគ្គនាយកដ្ឋានកសិកម្មដែលបានរួមសហការគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នាពេលនេះ។ លោកក៏បានថ្លែង អំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែល​នៅតែបន្តជួយ​អភិវឌ្ឍវិស័យកសិកម្ម។

លោកបានបញ្ជាក់ថា ក្រសួងបានរៀបចំកម្មវិធីប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើមនេះចាប់ តាំងពី​ឆ្នាំ២០១៥ មកទល់ពេលនេះបានចំនួន០៤ លើកដែលសហគមន៍កសិកម្ម​ត្រូវបានផ្តល់ឱកាស​ឱ្យ​ចូល​រួមកម្មវិធីសន្និបាតកសិករ ដើម្បីប្រកួតប្រជែងក្នុងចំណោមសហគមន៍កសិកម្ម​ឆ្នើមដើម្បីដណ្តើម​ជ័យលាភីប្រចាំឆ្នាំ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាក្រសួងបានយកចិត្តទុកដាក់លើកទឹកចិត្តដល់កសិករឱ្យចងក្រងសហគមន៍កសិកម្មដើម្បីរក្សានិរន្តរភាពនៃសកម្មភាពនានាក្រោយពេលគម្រោងត្រូវបានបញ្ចប់ ធ្វើការចុះ​បញ្ជីនៅក្រសួងបានត្រឹមត្រូវ រៀបចំរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ មានសកម្មភាពសេដ្ឋកិច្ច​បម្រើដល់កសិករជាសមាជិក និងមានយន្តការគ្រប់ គ្រង ដឹកនាំដោយខ្លួនឯង មានរចនាសម្ព័ន្ធ​រដ្ឋបាល ហិរញ្ញវត្ថុ ព្រមទាំងមានអង្គភាព ដៃគូ និងស្ថាប័នរដ្ឋគាំទ្រផងដែរ។ ទាក់ទងចំណុចនេះ លោកស្នើឱ្យ DGRV ជួយបន្តផ្តល់កិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀប​ចំសេចក្តីព្រាង​គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍សហគមន៍កសិកម្ម ក៏ដូចជាការ​ជួយ​គាំទ្រដល់សម្ព័ន្ធ​សហគមន៍កសិកម្មឱ្យដំណើរការបានល្អសំដៅចូលរួម​អភិវឌ្ឍន៍សហគមន៍​កសិកម្មឱ្យមានការរីកចម្រើននាពេលអនាគត។