ក្រុមហ៊ុនផលិតដែកថៃ គ្រោងតំឡើងថ្លៃលក់ក្នុងស្រុក ដើម្បីទប់ទល់នឹងការចំណាយច្រើន

អន្តរជាតិ

ក្រុមហ៊ុនផលិតដែករបស់ថៃជាច្រើន គ្រោងនឹងតំឡើងតម្លៃលក់នៅក្នុងស្រុក បន្ទាប់ពីការកើនឡើងនៃថ្លៃផលិត ដោយរាប់ចាប់តាំងពីវត្ថុធាតុដើម ការបង់ថ្លៃទៅលើវិក្កយបត្រអគ្គិសនី និងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ ។ នេះបើយោងតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Pravit Horrungruang ទីប្រឹក្សាសមាគមអ្នកផលិតដែកថែប EAF Long Products Association បាននិយាយថា ការតំឡើងពន្ធប្រេងឥន្ធន: បានធ្វើឱ្យ​វិក្កយបត្រចំណាយលើ​ថាមពលរបស់ក្រុមហ៊ុនផលិតដែក កើនឡើងប្រហែល ៥០% ។

គួរឱ្យដឹងផងដែរថា នៅប្រទេសថៃ តម្លៃផលិតផលដែក ជាពិសេសដែកថែប ដែលប្រើប្រាស់ក្នុងសំណង់ ត្រូវបានកំណត់ដោយក្រសួងពាណិជ្ជកម្ម ស្របពេលប្រទេសជាច្រើន ដូចជា​ទួរគី ថ្មីៗនេះ បានប្រកាសពីការតំឡើងតម្លៃដែកបន្ថែមពី ២០ ទៅ ៤០ ដុល្លារ ក្នុងមួយតោន ។ នេះបើតាមការបញ្ជាក់ពីសមាគមខាងលើ ។

តម្លៃដែកថែបនៅក្នុងប្រទេសថៃ បច្ចុប្បន្នមានតម្លៃប្រហែល ៦៩៩ ដុល្លារក្នុងមួយតោន ទាបជាងប្រទេសសិង្ហបុរី ដែលមានតម្លៃ ៧៣៨ ដុល្លារ/តោន ស្របពេលប្រទេសទួរគី មានតម្លៃ ៧៤០ ដុល្លារ/តោន និងចិន មានតម្លៃ ៨៥២ ដុល្លារ/តោន ។

លើសពីនេះ លោក Pravit បាននិយាយថា វិស័យសំណង់នៅក្នុងប្រទេសថៃ គួរតែចុះកិច្ចសន្យារយ:ពេលវែងជាមួយក្រុមហ៊ុនផលិតដែក ដើម្បីចៀសវាងការប្រែប្រួលតម្លៃ ខណ:ប្រធានសមាគមរូបនេះ បានបន្ថែមទៀតថា ប្រសិនបើតម្លៃថាមពល ត្រូវបានតំឡើងនោះះ វានឹងអាចធ្វើឱ្យតម្លៃដែក កើនឡើងដល់ ៧០០ ទៅ ៨០០ ដុល្លារ/តោន ៕