សម្ដេចតេជោ ហ៊ុន សែន កម្ពុជាពិតជាត្រូវការការគាំទ្រពី UNDP

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងជំនួបជាមួយលោក Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ UNDP កាលពីថ្ងៃទី២២ ខែកញ្ញាម្សិលមិញ នៅទីក្រុងញ៉ូវយ៉ក បានថ្លែងអំណរគុណចំពោះ UNDP ដែលគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងចាកចេញពីប្រទេសក្រីក្រមកជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថាកម្ពុជាពិតជាត្រូវការការគាំទ្រពី UNDP ស្របពេលដែលកំពុងជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ ទន្ទឹមនឹងនោះសម្ដេចតេជោបានគូសបញ្ជាក់ពីបញ្ហាបម្រែបំរួលអាកាសធាតុ ដោយឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ហើយក៏បានដាក់ចេញ នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលចំណុចនេះក៏ត្រូវការគាំទ្រពី UNDP ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក Achim Steiner បានគួសបញ្ជាក់ថា អង្គការ UNDP នឹងបន្តជួយប្រទេសដែលកំពុងអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញប្បទាន ហើយធ្វើយ៉ាងណាជំរុញយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគឱ្យបានខ្ពស់បំផុត។ ទាក់ទងទៅនឹងការដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះនេះ UNDP ពិតជារីករាយដែលកន្លងមកបានធ្វើជាដៃគូ ជាមួយនឹងកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជានោះ។

ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបៃតងអាស៊ានវិញ លោកថា ចំពោះប្រទេសដែលកំពុងមានការអភិវឌ្ឍ ការងារនេះមិនមែនជាឧបសគ្គទេ ជាការងារដែលយើងត្រូវតែយកចិត្តទុកដាក់ ពិសេសក្នុងតំបន់អាស៊ានតែម្ដង។ លោកបញ្ជាក់ទៀតថា គោលនយោបាយបៃតងនេះ អ្វីដែលយើងត្រូវធ្វើគឺការជំរុញធ្វើយ៉ាងម៉េច ឱ្យសេដ្ឋកិច្ចបៃតងនេះ ជាគន្លឹះក្នុងសេដ្ឋកិច្ចក្របខណ្ឌរួម។

នៅឱកាសនោះផងដែរ លោក Achim Steiner ក៏បានរំលេចផងដែរថា អង្គការ UNDP មានបទពិសោធន៍ ក៏ដូចជាធ្វើការជាមួយបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ដូច្នេះ គោលនយោបាយដោយឈ្លាសវៃ និងប្រសិទ្ធភាពនេះ គឺយើងត្រូវជំរុញការងារនេះរួមគ្នា៕