តុលាការមីយ៉ាន់ម៉ា កាត់ទោសលោកស្រី អង់សាន ស៊ូជី និងទីប្រឹក្សាសេដ្ឋកិច្ចលោកស្រី ឱ្យជាប់ទោស ៣ ឆ្នាំ

អន្តរជាតិ

កាលពីថ្ងៃព្រហស្បតិ៍ទី ២៩ ខែកញ្ញា តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងដោយរបបយោធា បានសម្រេចកាត់ទោសអតីតមេដឹកនាំ លោកស្រី អង់សាន ស៊ូជី និងអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី គឺលោក Sean Turnell ដែលជាជនជាតិអូស្រ្តាលី ឱ្យជាប់ពន្ធនាគារម្នាក់ៗ ៣ ឆ្នាំ ពីបទរំលោភច្បាប់កិច្ចការសម្ងាត់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ស៊ូជី និងលោក Turnell សុទ្ធតែត្រូវបានតុលាការមីយ៉ាន់ម៉ា ចោទប្រកាន់ថាបានរំលោភបំពានទៅលើកិច្ចការសម្ងាត់របស់រដ្ឋាភិបាល ដែលតម្រូវឱ្យជាប់ទោសជាអតិបរមា ១៤ ឆ្នាំ ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីររូបនេះ បានសារភាពថាពួកគេគ្មានកំហុស ចំពោះការចោទប្រកាន់នេះឡើយ ។

ជាងនេះទៅទៀត លោក Turnell ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានទៅលើច្បាប់អន្តោប្រវេសន៍ផងដែរ ដោយគាត់ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ។ ប្រភពជាច្រើនដែលដឹងពីបញ្ហានេះ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា តុលារ បានសម្រេចផ្តន្ទាទោស ក្នុងការកាត់ក្តីដោយមិនបើកចំហរមួយ ដោយឱ្យលោកស្រី ស៊ូជី និងលោក Turnell ជាប់ពន្ធនាគារម្នាក់ ៣ ឆ្នាំ ។

លោកស្រី អង់សាន ស៊ូជី ដែលធ្លាប់ឈ្នះពានរង្វាន់ណូបែល ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយ៉ាងតិច ២៣ ឆ្នាំរួចមកហើយ នៅក្នុងករណីដាច់ដោយឡែកផ្សេងទៀត ដែលភាគច្រើនពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទពុករលួយ ។

គួរបញ្ជាក់ថា អតីតមេដឹកនាំមីយ៉ាន់ម៉ា រួមទាំងលោក Turnell និងសមាជិកមួយចំនួនទៀតនៃក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី បានស្ថិតនៅក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលត្រូវបានចាប់ខ្លួន ចាប់តាំងពីមានរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត កាលពីដើមឆ្នាំមុន រួមទាំងអ្នកនយោបាយ សមាជិកសភា ការិយាល័យប្រជាធិបតេយ្យ សិស្ស និងអ្នកកាសែតផងដែរ ៕