សម្តេចតេជោ ហ៊ុន សែន៖ រយៈពេល៩ខែពន្ធផ្ទៃក្នុងកម្ពុជាទទួលបានប្រមាណ ៣ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និសិ្សតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃចន្ទទី៣តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ក្នុងមួយខែ ពន្ធផ្ទៃក្នុងរបស់កម្ពុជា ទទួលបានប្រមាណ ២៥០លានដុល្លារ អាមេរិក ហើយពន្ធផ្ទៃក្នុងរបស់កម្ពុជា រយៈពេល៩ខែ ឆ្នាំ២០២២ សម្រេចបានប្រមាណ ៩៥ភាគរយ ស្មើនឹងថវិកាជិត ៣ពាន់លានដុល្លារ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេចតេជោកត្តាសុខសន្តិភាព ទើបធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ សម្តេចបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើង ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។

សម្តេចតេជោ ហ៊ុន សែន បន្តថា ការរីកចម្រើនរបស់វិស័យឯកជន ជួយផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធ។ វិស័យឯកជនកាន់តែរីកចម្រើន ការបង់ពន្ធកាន់តែខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា វិស័យឯកជន រីកធំធាត់កាលណា ជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការដោះស្រាយការងារធ្វើ និងតាមរយៈនៃការបង់ពន្ធ។ ការបង់ពន្ធនោះទៀតសោត មានលទ្ធភាពយកទៅវិនិយោគ ធ្វើផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ដំឡើងបៀវត្សមន្ត្រីរាជការផងដែរ៕