លោក អូន ព័ន្ធមុនីរ័ត្ន៖ ការទទួលស្គាល់ពាណិជ្ជកម្មលើវិស័យល្បែងដើម្បីបង្កើនចំណូលចូលសេដ្ឋកិច្ចជាតិ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា បញ្ញត្តិកម្មលើវិស័យល្បែងពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ៤ខែតុលានេះ បានឲ្យដឹងថា ល្បែងពាណិជ្ជកម្មត្រូវបានដំណើរការនៅក្នុងតំបន់ និងក្នុងប្រទេសជាច្រើននៅលើពិភពលោក ទាំងក្នុងទម្រង់ផ្លូវការ និងទាំងមិនផ្លូវការ។

លោកបន្តថា រដ្ឋាភិបាលនៃបណ្តាប្រទេសកាន់តែច្រើនឡើង បានសម្រេចទទួលស្គាល់ជាផ្លូវការនូវពាណិជ្ជកម្មលើវិស័យល្បែង ដោយបង្កើតក្របខណ្ឌគតិយុត្ត ដើម្បីដាក់វិស័យនេះឱ្យស្ថិតក្រោមដំបូលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីបង្កើនចំណូលចូលសេដ្ឋកិច្ចជាតិ ខណៈល្បែងស៊ីសងខុសច្បាប់ ឬគ្មានច្បាប់ ត្រូវបានបង្ក្រាបនៅទូទាំងប្រទេសដែលជាហេតុធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ។ 

លោកថា ទីតាំងល្បែងពាណិជ្ជកម្ម ដែលរួមបញ្ចូលទាំងទីតាំងបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន ផ្សារទំនើប សណ្ឋាគារ មណ្ឌលកីឡាមណ្ឌលកម្សាន្ត និងទស្សនា មណ្ឌលសន្និបាត ឬពិព័រណ៍ ហាងលក់ទំនិញរួចពន្ធ ត្រូវបានបង្កើតជាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ដែលត្រូវបានទទួលស្គាល់ជាទូទៅនៅលើពិភពលោកថា ជាប្រភពចំណូលថវិកាដ៏សំខាន់ និងជាទីតាំងការងារ ជាច្រើនប្រភេទនៃឧស្សាហកម្មគ្មានផ្សែង ដែលបានចូលរួមចំណែកក្នុងការបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕