អតីតិនិស្សិតរៀនចប់សាលាកសិកម្មជិត ១០ឆ្នាំមុន បង្ហើបរូបមន្តលាយចំណីចិញ្ចឹមមាន់ អាចលក់ចេញបានចំណូលខ្ទង់លាន

សង្គម​និង​សេដ្ឋកិច្ច

លោកគ្រូ រស់ ឆាំងគី គឺជាអតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវេជ្ជសាស្ត្រសត្វ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង កាលពីឆ្នាំ ២០១៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយបញ្ចប់ការសិក្សាលើជំនាញឯកទេសទាំងនេះ លោក ឆាំងគី ក៏ធ្លាប់ចូលបម្រើការងារឱ្យក្រុមហ៊ុនឯកជនលើផ្នែកផលិតចំណីសត្វ និងធ្លាប់ជាអ្នកបណ្តុះបណ្តាលជំនាញនេះបន្តដល់កសិកររាប់ពាន់នាក់។ ខាងក្រោមនេះ គឺជាបទពិសោធន៍ជាក់ស្ដែង ដែលលោកគ្រូចង់ចែករំលែក ដល់ប្រជាកសិករយើង ដែលមានបំណងចង់ចិញ្ចឹមមាន់ឱ្យត្រូវតាមក្បួនខ្នាត មាន់ឆាប់ធំ មិនងាយឈឺ អត្រាងាប់តិច មិនខាតពេល និងចំណាយដើមទុនអស់តិច ហើយងាយស្រួលរកទីផ្សារពេលលក់ចេញ។

អ្នកជំនាញវេជ្ជសាស្ត្រសត្វ ពីសាកលវិទ្យាល័យភូមិន្ទ កសិកម្ម ចំការដូង ដដែលរូបនេះ បន្ថែមឱ្យដឹងទៀតថា ប្រូតេអ៊ីន ដើរតួនាទីចាំបាច់បំផុត សម្រាប់បង្កើតការលូតលាស់ប្រចាំថ្ងៃ បង្កើតសាច់ដុំ ទ្រទ្រង់រាងកាយមិនថា មនុស្ស ឬសត្វនោះទេ។ កង្វះសារធាតុចិញ្ចឹមប្រូតេអ៊ីនធ្វើឱ្យសត្វមានការធំធាត់យឺត ដោយសារសាច់ដុំមិនអាចលូតលាស់  ទាំងកូនមាន់ មាន់ធំ មានការលូតលាស់យឺត ឬមិនងាយធំ ជាពិសេសគុណភាពសាច់មិនល្អ ឬមិនឆ្ងាញ់។

លោក រស់ ឆាំងគី បានប្រាប់ពីលក្ខណៈបច្ចេកទេសលម្អិត ពីការដាក់ចំណីបំពេញប្រូតេអ៊ីនដល់មាន់ចិញ្ចឹម ទៅតាមអាយុ និងគីឡូរបស់មាន់ឱ្យបានត្រឹមត្រូវ ដូចខាងក្រោម ៖

– មាន់អាយុពី ១ថ្ងៃ ដល់ ២១ ថ្ងៃ ត្រូវការប្រូតេអ៊ីនចន្លោះពី ២១% – ២២% និងត្រូវការថាមពលកំដៅ ប្រេងឆា ឬខ្លាញ់ក្នុងចំណីយ៉ាងតិច ២%

– មាន់អាយុពី ២១ថ្ងៃ ដល់ទំងន់កន្លះគីឡូ ត្រូវការប្រូតេអីុនចន្លោះពី ១៩% – ២០%

– មាន់អាយុពី ទំងន់កន្លះគីឡូ ដល់លក់ ត្រូវការប្រូតេអីុនចន្លោះពី ១៧% – ១៨%

– មេបាមាន់ត្រៀមទុកពូជ ត្រូវការប្រូតេអីុនចន្លោះពី ១៥% – ១៦%

– មេមាន់កំពុងពង ត្រូវការប្រូតេអ៊ីននចន្លោះពី ១៧% – ១៨% និងត្រូវការជាតិរ៉ែ កាល់ស្យូម និងផូស័រចន្លោះពី ៣% – ៥%។

អ្នកឯកទេសពេទ្យសត្វ និងចំណីសត្វ រូបនេះបញ្ជាក់ថា៖ សម្រាប់ការដឹងពីកម្រិតប្រូតេអ៊ីន គឺគេមានការគណនាឱ្យបានត្រឹមត្រូវ ដូចបានរៀបរាប់អ៊ីចឹង។

ដូច្នេះពេលកសិករយើង បង្កើតចំណីដោយខ្លួនឯង ត្រូវមើលរូបមន្ត ហើយស្វែងរកវត្ថុធាតុដើមមកផ្សំបញ្ចូលគ្នាឱ្យត្រឹមត្រូវបំផុត។ ចំពោះប្រូតេអ៊ីន ដែលយើងយកមកធ្វើចំណីមាន់ដោយខ្លួនឯង អាចរកបាននៅក្នុងវត្ថុធាតុដើម ដូចជា គ្រាប់ពោតមានប្រូតេអ៊ីន៩% ចុងអង្ករ ៨% កាកសៀង ៤៦% ម្សៅត្រី ៥០% កន្ទក់ ១១% សំបកបង្គា ៣៦% កាកស្រាបៀ ២៦% និងម្សៅទឹកគោ ៣៩%។ បន្ទាប់មកដឹងកម្រិត%ហើយ ទើបយកវាមកគុណបញ្ចូលគ្នាទៅតាមចំនួនគីឡូ ហើយផ្ដល់ចំណីទៅតាមប្រភេទ ដូចជាមាន់តូច មាន់ធំ មេមាន់បា ជាដើម។

លោកគ្រូ រស់ ឆាំងគីបញ្ជាក់បន្ថែមថា ក្រៅពីប្រូតេអ៊ីន មាន់ក៏ត្រូវការសារធាតុបំប៉នចំនួន ៣សំខាន់ទៀត រួមមាន ថាមពល វីតាមីន និងសារធាតុរ៉េ ៕