មន្ត្រីជាន់ខ្ពស់ អង្គទូត និងអ្នកជំនាញជាង ៤០០នាក់ ចូលរួមសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»

សង្គម​និង​សេដ្ឋកិច្ច

សន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ត្រូវបានបើកជាផ្លូវការនៅព្រឹក ថ្ងៃព្រហស្បតិ៍​ ទី៦ ខែតុលានេះ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាសណ្ឋាគារសុខា ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សន្និសីទលើកនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩» ដែលមានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។

ក្នុងពិធីបើកសន្និសីទនៅថ្ងៃព្រឹកនេះដែរ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការស្តារប្រទេសក្រោយវិបត្តិនៃជំងឺឆ្លងសាកលមួយនេះ។ ក្នុងសន្និសីទនេះ ក៏នឹងមានការជជែកពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ៕