សម្តេចតេជោ បកស្រាយពីរឿងឃុំព្រះដាក់ ក្រោយពលរដ្ឋតវ៉ា..មិនចង់ចាកចេញ

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ២០២២​នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរ​ឱ្យ​ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់​សិន​ ព្រោះ​គម្រោង​ស្តារ​បារាយនឹងមិនប៉ះពាល់គ្រប់គ្នានោះ​ទេ ហើយ​រាជរដ្ឋាភិបាល នឹងគិតគូរឱ្យបានម៉ត់ចត់បំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​លើកឡើង​របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី​ ​ខាង​​លើ​នេះ គឺ​បន្ទាប់ពី​នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ប្រជា​ពលរដ្ឋ​ជាច្រើនគ្រួសារ បាននាំគ្នាទៅ​តវ៉ានៅក្នុងសាលាឃុំព្រះដាក់ ដែលមានភូមិចំនួន៦ ក្នុងស្រុក​បន្ទាយ​ស្រី ​ខេត្តសៀមរាបរួមមាន ភូមិប្រដាក ភូមិអូរទទឹង ភូមិថ្នល់ទទឹង ភូមិកន្ត្រៃ ភូមិព្រៃគ្រឹះ និងភូមិថ្នល់​បណ្ដោយ ដែលពួកគាត់រស់នៅក្នុងការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា និង​មាន​​ការ​​លើក​ឡើង​ថា អាច​នឹង​ត្រូវ​រុះរើ​ឱ្យ​​អ្នក​នៅ​ក្នុង​ឃុំ​នេះ ចាក​ចេញ​ទៅ​ភូមិ​រុន​តាឯក ឬ​ភូមិ​ថ្មី​មួយ​ផ្សេង​ទៀត។

ដើម្បីដោះស្រាយបញ្ហានេះ​ សម្តេចតេជោ ហ៊ុន សែន បានចាត់តាំង លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ចុះទៅពន្យល់ និង​ដោះស្រាយជូនប្រជាពលរដ្ឋផងដែរ នៅ​ចុង​សប្តាហ៍​នេះ។

សម្តេចតេជោ បានថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការ​ស្តារ​កម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ ថា៖ “យើងមិនទាន់មានការ​ប៉ះពាល់​ណាមួយ​ទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូអំពីហេ​ដ្ឋារចនាសម្ព័ន្ធ​របស់អង្គរ ដែលមុននេះមានបារាយខាងកើត ដែលអាចមានទឹករហូតដល់៣០លានម៉ែត្រគីប។ សូមស្ងប់​ស្ងាត់ យើងនឹងគិតគូរឱ្យម៉ត់ចត់ ខ្ញុំនឹងបញ្ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ ​ភឿង សកុណា ទៅជួបជាមួយបងប្អូននៅថ្ងៃស្អែក និងមានការជួបជុំដើម្បីពន្យល់”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​ថា រាជរដ្ឋាភិបាលកំពុងសិក្សាអំពីលទ្ធភាព​ដាក់ទឹកទៅក្នុងបារាយ​ដើម្បីទ្រទ្រង់អង្គរ។ សម្តេចបានចាត់ទុកថា ករណីនៅឃុំព្រះដាក់ជារឿងទទួលព័ត៌មានមិនច្បាស់ ធ្វើឱ្យ​មានការយល់ច្រឡំ ដែលរាជរដ្ឋាភិបាល មិនមានការបណ្តេញនោះទេ។ សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងស្តារបាតអាង និងសិក្សាអំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយ​ ផលប៉ះពាល់នោះ មិនមែនពលរដ្ឋមួយឃុំ​នោះ​ទេ៕