សម្តេច ទៀ បាញ់ ដឹកនាំកិច្ចប្រជុំធំមួយនៅទីស្តីការក្រសួងដែនដី ទាក់ទងមូលដ្ឋានទ័ពជើងទឹក

សង្គម​និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២នេះ​ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់​ សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​អញ្ជេីញជា​គណៈ​អធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសពិភាក្សាអំពីតំបន់អភិវឌ្ឍមជ្ឈមណ្ឌល​ទំនេីបកម្ម​មូលដ្ឋាន​សមុទ្ររាម​កងទ័ពជេីងទឹក ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំដ៏​ធំ​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រម​ទាំង​មាន​វត្តមាន​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​ផង​ដែរ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ២០២២ ប្រទេសចិន​បានសម្រេចផ្តល់ជំនួយសាងសង់​រោងជាង​ជួសជុល​នាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ដើម្បីចូលរួមធ្វើ​ទំនើប​កម្មកងទ័ពជើងទឹកនៅកម្ពុជា។​ ពិធីបើការដ្ឋាននេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

សម្តេច​ ទៀ បាញ់ ​បានគូសបញ្ជាក់ថា មូលដ្ឋានទ័ពជើងទឹករាម មានទំហំតូច ដូច្នេះហើយ យើងត្រូវពង្រឹង​មូលដ្ឋានរបស់យើង ដើម្បីការពារជាតិ ទឹកដី និងអធិបតេយ្យភាពរបស់យើង។ ​លោក​គូសបញ្ជាក់​ថា គម្រោង​ទំនើបកម្ម​មូលដ្ឋានទ័ព​ជើងទឹក​រាម គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​ន៍កងទ័ព ស្របតាម​សៀវភៅ​ស​របស់​ក្រសួងការពារជាតិ។

រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់​បន្ថែមថា ការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម គឺស្របតាម​រដ្ឋធម្មនុញ្ញ ហើយកម្ពុជាគ្មានចេតនាអ្វីក្រៅពីការបង្កើនសមត្ថភាពការពារខ្លួនប្រឆាំងនឹងសម្ពាធ និងបញ្ហា​ប្រឈមភូមិសាស្ត្រនយោបាយដែលពិភពលោកកំពុងតែប្រឈមនោះទេ។ សម្តេច​ក៏​បានច្រានចោល​ទាំង​ស្រុង​នូវរបាយការណ៍របស់កាសែតអន្តរជាតិមួយ​ ដោយលោកបាននិយាយថា ទំនើបភាវូបនីយកម្ម​នៃមូលដ្ឋាន​ទ័ព​ជើងទឹករាម មិនមែនសម្រាប់ប្រទេសចិនទេ គឺសម្រាប់ការពារជាតិកម្ពុជា៕