ទេសាភិបាល ឱ្យមន្ត្រីធនាគារជាតិពង្រឹងជំនឿចិត្តដល់សាធារណជន ដើម្បីអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ទេសាភិបាលធនាគារជាតិនៃកម្ពុជា​បាន​ធ្វើការ​ក្រើន​រំលឹក​ដល់​មន្ត្រី​បុគ្គលិក​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ទាំង​អស់ ត្រូវពង្រឹងជំនឿទុកចិត្តដល់សាធារណជន ដើម្បីរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា។ការ​លើកឡើងដូច្នេះ ត្រូវបានបង្ហាញក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជា​មួយ​មន្ត្រី​បុគ្គលិក​សាខា​ធនាគារជាតិនៃកម្ពុជាសាខាកំពត កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បាន​លើក​ទឹកចិត្ត​ដល់​មន្រ្តី​បុគ្គលិក​ សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពតទាំអស់ ឲ្យបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បី​ក្លាយ​ជាមន្រ្ដីប្រកបដោយសក្តានុពល និងជាទ្រព្យសកម្មរបស់ធនាគារជាតិនៃកម្ពុជា។

ឯកឧត្តមក៏បាន ក្រើនរំលឹកដល់មន្ត្រីបុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាទាំងអស់ ពិសេសសាខាកំពត ឲ្យ​បានយល់កាន់តែច្បាស់ដែរថា «ការណ៍ដែលយើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺ​ដោយ​សារ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និងមានស្ថិរភាព ទាំងនេះបានផ្ដល់ឱកាស ឲ្យយើងមានស្ថិរភាពហិរញ្ញវត្ថុ ដែល​ជា​គោលដៅ​ចំបងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការកិច្ចខិតខំប្រឹងប្រែងកន្លងមក ដើម្បីថែរក្សាស្ថិរភាពថ្លៃ អំណាចទិញ ដើម្បី​ទាក់ទាញអ្នកវិនិយោគ ក្នុងការមកវិនិយោគក្នុងប្រទេសកម្ពុជា»

ហេតុនេះ ឯកឧត្តមទេសាភិបាល ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដល់មន្រ្ដីត្រូវយកចិត្តទុកដាក់រួមមាន៖ បទពិសោធន៍គ្រប់គ្រងល្អ របស់ធនាគារជាតិនៃកម្ពុជា ក្នុងអំឡុងការរាលដាលជំងឺកូវីដ-១៩ ដែល​គ្រប់​សា​ខា​ទាំងអស់ បានបន្តប្រតិបត្តិការជាប្រក្រតី ដោយសារការអនុវត្តខ្ជាប់ខ្ជួន តាម​ការ​ណែ​នាំ​របស់​រាជ​រដ្ឋា​ភិបាល​ និងក្រសួងសុខាភិបាល ហើយធ្វើយ៉ាងណាខិតខំពង្រឹងជំនឿទុកចិត្ត ដល់សាធារណជន ដើម្បី​ឈាន​ទៅរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា។

យ៉ាងណា ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជា ចាន់តូ ក៏បានសង្កត់ធ្ងន់ដែរថា តម្លៃ​សន្តិភាព​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃបានទេ ដូចនេះយុវជនជំនាន់ក្រោយក៏ដូចជា មន្រ្តីបុគ្គលិកវ័យក្មេងទាំងអស់ត្រូវយល់ និង​ចូល​រួមថែរក្សាតម្លៃសន្តិភាព ឲ្យខានតែបាននៅគ្រប់កាលៈទេសៈ និងក្នុងតម្លៃណាក៏ដោយ៕