ប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹងមកកម្ពុជានាខែវិច្ឆិកាខាងមុខនេះ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងអាស៊ីបូព៌ា នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីចែកស្រូវពូជ និងស្បៀងជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តព្រៃវែង ជាង ៦ពាន់គ្រួសារ នាព្រឹកថ្ងៃទី៣០ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖​ «លោក បៃសិន ចេញពីកម្ពុជាទៅឥណ្ឌូនេស៊ី ហើយគាត់នឹងបន្តទៅអាមេរិកវិញ ហើយគាត់នឹងបញ្ជូនអនុប្រធានាធិបតីមកចូលរួមកិច្ចប្រជុំEPEC ឯទីក្រុងបាងកក ប្រទេសថៃ»។

ទន្ទឹមនឹងនេះ សម្តេចតេជោក៏នឹងជួបជាមួយនឹងប្រធានាធិបតីអ៊ុយគ្រែន តាមរយៈទូរសព្ទនៅម៉ោង​ ៤រសៀល ថ្ងៃទី១ ខែវិច្ឆិកា​ ឆ្នាំ២០២២ ខណៈកំពុងរង់ចាំនូវការឆ្លើយតបពីប្រធានាធិបតីរុស្ស៊ីថា​ តើអញ្ជើញមកចូលរួមកិច្ចប្រជុំនៅកម្ពុជាដែរឬក៏អត់។

សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ៕