លោក ហ៊ុន ម៉ាណែត៖ ការ​ជួយ​ជំរុញ​មីក្រូ​សហ​គ្រាស សហ​គ្រាស​ធុនតូច និង​មធ្យម ជាគោល​ដៅ​​​អា​ទិភាព ក្នុង​ការ​​បង្កើត​ការងារ​ និងកា​ត់ប​ន្ថយភាព​ក្រីក្រ

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព​​ជើងគោក បាន​លើក​ឡើងថា ការជួយជម្រុញមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម គឺជា​គោល​ដៅអទិភាពក្នុងការ​បង្កើតការងារ និង​កាត់​បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ហើយបន្តជំរុញជាប្រចាំ។ ការលើកឡើងបែបនេះ បានធ្វើឡើង​នៅ​ក្នុងកម្មវិធីរាត្រីសមោសរជួប​ជុំម្ចាស់​អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខារាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា សហគ្រាសអាជីវកម្ម គឺជាកោសិកាសំខាន់​នៃវិស័យ​ឯកជន ហើយ​វិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ គោលដៅសំខាន់នៃ​​ការលើក​កម្ពស់សេដ្ឋកិច្ចជាតិ គឺការ​កាត់បន្ថយ​ភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើន​ប្រកបដោយ​សមធម៌ ដែលអាចធានាបាននូវលំនឹងស្ថិរភាព​នៃសង្គម​ជាតិ។ ក្នុងនេះ មីក្រូសហគ្រាស សហ​គ្រាស​ធុនតូច និងមធ្យម គឺជាមូលដ្ឋានសំខាន់ ហើយគឺជាអាទិភាពចម្បង​សម្រាប់​ពង្រឹង​​ការរីកចម្រើនបច្ចុប្បន្ន និងទៅអនាគត។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ក៏អំពាវនាវឲ្យបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការជួយសហគ្រិន​​ទាំងអស់ តាម​រយៈបង្កលក្ខណៈឱ្យមានបរិយាកាសប្រកួតប្រជែង និងចូលរួមទាំងអស់គ្នាក្នុ​ង​ទីផ្សាសេរី​ប្រកប​​ដោយតម្លាភាព និងទេព​កោ​សល្យ​រៀងៗខ្លួន។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បន្តខិតខំប្រឹងប្រែងក្នុងការរិះរកគ្រប់មធ្យោបាយក្នុងការសិក្សាស្រាវជ្រាវ ដើម្បីរៀបចំការ​តម្រង់​​ទិសជាក់លាក់ ទាំងលើការពង្រឹង និងអភិវឌ្ឍធនធានមនុស្ស ជាពិសេស​ការបណ្តុះ​បណ្តាលកម្រិតចំណេះទូទៅ និង​បច្ចេក​​ទេសវិជ្ជាជីវៈ (TVET) រួមទាំងការស្វែងរកទីផ្សា​សម្រាប់ផលិតផលរបស់​​កម្ពុជានៅបរទេស ៕