តម្លៃអង្ករវៀតណាម វ៉ាដាច់ប្រទេសថៃ នៅលើទីផ្សារពិភពលោកក្នុងខែតុលា

អន្តរជាតិ

ប្រភេទអង្ករបាក់ៗ ៥០% របស់វៀណាម ដែលជាធម្មតាធ្លាប់តែមានតម្លៃទាបជាងដៃគូប្រជែងថៃ នៅក្នុងទីផ្សារនាំចេញ ឥឡូវនេះ បានហក់ឡើងតម្លៃខ្ពស់ជាង នៅក្នុងខែតុលា ដើម្បីឈានដល់កម្រិតកំណត់ត្រាមួយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម បានបង្ហាញឱ្យដឹងថា ប្រភេទអង្កររបស់ខ្លួនខាងលើ ឥឡូវនេះ ទទួលបានតម្លៃចន្លោះពី ៤២៥ ដុល្លារ ទៅ ៤៣០ ដុល្លារ ក្នុងមួយតោន ពោលគឺមានតម្លៃខ្ពស់ជាងប្រហែល ៤៨-៥១ ដុល្លារ ពីពូជអង្ករស្រដៀងគ្នា របស់ប្រទេសឥណ្ឌា និងថៃ ។

គួរឱ្យដឹងថាប្រទេសវៀតណាម បាននាំចេញអង្ករច្រើនប្រភេទរហូតដល់ជាង ៦ លានតោន ក្នុងតម្លៃជិត ៣ ពាន់លានដុល្លារ ក្នុងរយ:ពេល ១០ ខែដំបូងឆ្នាំនេះ ដែលកើនឡើង ១៧% និង ៧% បើធៀបទៅនឹងឆ្នាំមុន ។

យោងតាមអាជីវកម្មជាច្រើន នៅក្នុងស្រុក បានបង្ហាញថា នេះមិនមែនជាលើកទីមួយនោះឡើយ ដែលអង្ករវៀតណាម ទទួលបានតម្លៃខ្ពស់ជាងប្រទេសថៃ ស្របពេលបច្ចុប្បន្ននេះ ម៉ាកយីហោអង្កររបស់វៀតណាម កំពុងត្រូវបានទទួលស្គាល់ច្រើន នៅក្នុងទីផ្សារពិភពលោក ។

ជម្រាបជូនឱ្យដឹងផងដែរថា វៀតណាមជាប្រទេសនាំចេញអង្ករធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីឥណ្ឌា និងថៃ ហើយក្នុងនោះមាន ៧,៨% នៃពាណិជ្ជកម្មអង្ករសរុបរបស់ពិភពលោក ។

ជាងនេះទៀត អង្ករវៀតណាម ឥឡូវនេះ ត្រូវបានដាក់លក់នៅក្នុងប្រទេសចំនួន ២៨ នៅទូទាំងពិភពលោក ដែលភាគច្រើន លក់នៅតំបន់អាស៊ី និងប៉ែកខាងអឺរ៉ុប ៕