ប្រធានព្រឹទ្ធសភា ជំរុញឱ្យសមាជិកសភាអាយប៉ារួមកម្លាំងគ្នា ដើម្បីសម្រេចបានផលប្រយោជន៍រួម

សង្គម​និង​សេដ្ឋកិច្ច

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងថា ជំរុញឱ្យសមាជិកសភាអាយប៉ាទាំងអស់រួមកម្លាំងគ្នា ដើម្បីសម្រេចបានផលប្រយោជន៍រួម។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសបើកមហាស​ន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43) កាលព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា សភាកម្ពុជាបានធ្វើដំណើរជាមួយអាយប៉ាលើផ្លូវដ៏ឆ្ងាយកន្លងមក ព្រមទាំងបានប្តេជ្ញាចិត្តនឹងបន្តដំណើរជាមួយអាយប៉ា ដើម្បីកសាងសន្តិភាព និងវិបុលភាពដល់សហគមន៍អាស៊ានទាំងមូល។សម្តេច បានបន្តថា គ្រាដែលយើង កំពុងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ដែលកើតចេញពីវិបត្តិកូវីដ-១៩ ដែលរួមមានភាពអាសន្ននៃការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ អតិផរណាខ្ពស់នាំឲ្យតម្លៃនៃការរស់នៅកើនឡើងខ្ពស់ កង្វះខាតថាមពល ដែលនាំឲ្យកំណើនវិសមភាពក្នុងសង្គម និងអត្រាភាពក្រីក្រកាន់តែអាក្រក់។ បញ្ហាទាំងអស់នេះ ប្រសិនបើមិនត្រូវបានដោះស្រាយទាន់ពេលវេលានោះទេ ប្រាកដជានឹងបន្ទុចបង្អាក់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់យើង។

ហេតុនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ យើងត្រូវធានាថា សហគមន៍អាស៊ានរបស់យើងមានចីរភាព បរិយាប័ន្ន និងភាពធន់ កំពុងទាមទារឱ្យសមាជិកសភាអាយប៉ា មានការយកចិត្តទុកដាក់ខ្ពស់ពីយើងទាំងអស់គ្នាអំពីភាពចាំបាច់របស់យើងទាំងអស់គ្នាក្នុងការធ្វើសកម្មភាពរួមគ្នា ក្នុងស្មារតីឯកភាពអាស៊ាន ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរួមរបស់យើង។ 

ជាងនេះទៀត សមាជិកសភាអាយប៉ា ត្រូវចាប់យកឱកាសនេះ ដើម្បីធ្វើសកម្មភាព តាមរយៈភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសភារបស់យើង ជាកម្លាំងរួម ដើម្បីសម្រេចបានផលប្រយោជន៍រួម តាមរយៈអាយប៉ា យើងត្រូវជំរុញសហថាមពលកាន់តែខ្លាំងក្លាជាមួយរដ្ឋាភិបាល ដើម្បីជំរុញការស្តារឡើងវិញប្រកបដោយចីរភាព គាំទ្រដល់ការអភិវឌ្ឍន៍ដើម្បីប្រជាជន និងផ្ដោតលើប្រជាជន ដោយមិនទុកនរណាម្នាក់ចោល និងកសាងសង្គមប្រកបដោយភាពធន់ ដែលអាចត្រៀមខ្លួនទប់ទល់ នឹងវិបត្តិនាពេលអនាគត៕នេះបើតាមការបញ្ជាក់បន្ថែមពី សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា៕