ពីខេត្តស្វាយរៀងអ្នកធ្វើអង្រឹងឫស្សីសម្រាប់កូនតូចៗតាំងពីដូនតា អំពាវនាវបងប្អូនជនរួមជាតិជួយគាំទ្រផង

អាជីវកម្ម

អង្រឹងឫស្សីខ្មែរជាផលិតផលធ្វើដោយស្នាដៃកូនខ្មែរដែលមានអត្ថប្រយោជន៍ច្រើនយ៉ាងសម្រាប់កូនតូចៗដែលទើបកើត នេះបើតាមការឱ្យដឹងពីលោកស្រី និត សាវរី បានផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍នៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី និត សាវរី ជាអាជីវករលក់អង្រឹងឫស្សី កន្ទេលធ្វើដោយដៃ បានលើកឡើងថា លោកស្រីលក់ផលិតផលខ្មែរដើម្បីគាំទ្រផលិតផលខ្មែរ ដែលបងប្អូនមួយចំនួនមិនសូវឱ្យតម្លៃ។

អាជីវករវ័យ ២៥ឆ្នាំបានបន្ថែមថា មូលហេតុដែលសម្រេចចិត្តលក់អង្រឹងឫស្សីជាមុខរបរសព្វថ្ងៃ ព្រោះអង្រឹងនេះមានអត្ថប្រយោជន៍ច្រើនយ៉ាង រួមទាំងលោកស្រីស្រឡាញ់និងគាំទ្រផលិតផលរបស់ខ្មែរ ព្រមទាំងគិតដល់ ក្មេងនៅតូចគេងអង្រឹងឫស្សីងាយស្រួល មានខ្យល់ចេញចូលល្អ ខ្នងក្មេងមិនកោង ក្មេងគេងដោយមិនក្ដៅខ្នងម្យ៉ាងទៀតពេលក្មេងចេះក្រឡាប់ឬចេះតោងឈរគឺមិនក្រឡាប់អង្រឹងនោះទេដែលអាចការពារសុវត្ថិភាពកូនតូចបាន។

លោកស្រីបានបន្តថាទីផ្សារអង្រឹងឫស្សីបច្ចុប្បន្នមិនសូវល្អទេព្រោះបងប្អូនខ្មែរមិនសូវគាំទ្រផលិតផលធ្វើដោយដៃបូករួមនឹងតម្លៃខ្ពស់ជាងអង្រឹងក្រណាត់នាំចូលពីក្រៅប្រទេសព្រមទាំងការមិនស្វែងយល់ពីអត្ថប្រយោជន៍អង្រឹងឫស្សីផងដែរ។

ជាមួយគ្នានេះ លោកស្រីបានលើកឡើងថា បញ្ហាប្រឈមក្នុងអាជីវកម្មនេះគឺកង្វះធនធានមនុស្សក្នុងការកែច្នៃអង្រឹងឫស្សីដើម្បីឱ្យកូនក្មេងតូចៗងាយស្រួលគេង ហេតុនេះពេលមានការបញ្ជាទិញលោកស្រីធ្វើអត់ទាន់តម្រូវការអតិថិជន។

លោកស្រី និត សាវរីក៏បានសំណូមពរដល់ប្រជាជនកម្ពុជាទាំងអស់ថា សូមចូលរួមផ្ដល់តម្លៃនិងគាំទ្រដល់ផលិតផលរបស់ខ្មែរធ្វើដោយដៃនេះផង ដើម្បីលើកទឹកចិត្តដល់សិប្បករដែលគាត់ខិតខំរិះរកវិធីកែច្នៃរបស់ធម្មជាតិ យកមកប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់។

សូមជម្រាបជូនថា លោកស្រី សាវរី បានបើកអាជីវកម្មនេះរយៈពេល៣ឆ្នាំហើយ ដែលលោកស្រីចាយដើមទុនដំបូងប្រមាណ៤០០ដុល្លារប៉ុណ្ណោះ ដោយលោកស្រី ទិញអង្រឹងឫស្សីពីសិប្បករនៅខេត្តស្វាយរៀង យកមកកែច្នៃបន្ថែម៕