អតីតអ្នកបួសជាសង្ឃម្នាក់ កែប្រែវាសនារលាស់ខ្លួនក្លាយជាអ្នកឧកញ៉ា

ជុំវិញ​ឧកញ៉ា

មានកំណើតកើតជាក្នុងទឹកដីខេត្តកំពត និងធ្លាប់បានបួសជាសង្ឃអស់់ជាច្រើនវស្សា តស៊ូសិក្សារៀនចប់បណ្ឌិតពីបរទេស ហើយបានកែប្រែវាសនារលាស់ខ្លួនចេញពីភាពក្រីក្រក្លាយជាអ្នកជំនួញជោគជ័យមួយរូបក្នុងពិភពជំនួញនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើអតីតអ្នកបួសជាសង្ឃ កែប្រែវាសនាក្លាយជាអ្នកឧកញ៉ានោះជានរណា?

គឺគ្មាននរណាក្រៅពីអ្នកឧកញ៉ា ម៉ម វណ្ណឌី ជាសហគ្រិនវ័យក្មេងដ៏មានសក្តានុពល ដែលកាន់កាប់មុខជំនួញក្នុងវិស័យអចលនទ្រព្យ កសិកម្ម និងធនាគារ ហិរញ្ញវត្ថុ តែទោះជាបែបនេះក្តីលោកមិនសូវបង្ហាញឱ្យគេឯងដឹងប៉ុន្មានឡើយ។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។ ការផ្តល់ងារឧកញ៉ាដល់លោក ម៉ម វណ្ណឌី ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ សម្តេច ព្រះអភិសិរី សុគន្ឋា ធិបតី បួរ គ្រី ម ហា សង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ក៏បានតែងតាំង លោកឧកញ៉ាជា «ឧត្តមទីប្រឹក្សាផ្ទាល់» បញត្តិគោរម្យ៍ងារ «ពុទ្ធលោកវិជ័យមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍» និងភរិយារបស់លោក ឈ្មោះលោកស្រី ទៀង ផល្លា ក៏ត្រូវបានតែងតាំងជា «ឧត្តមទីប្រឹក្សាផ្ទាល់» បញត្តិគោរម្យ៍ងារ «ផលបុញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍» កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧកញ៉ា និងភរិយា ត្រូវបានសម្តេច គណៈធម្មយុត្តិកនិកាយ ត្រាស់បញ្ញត្តិតែងតាំងជា «អនាថបិណ្ឌិកសេដ្ឋីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍» និងភរិយាជា «ឧប្បលវណ្ណាសាវិកាផលាអគ្គមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍» ដើម្បីជាសក្ខីភាពក្នុងការលះបង់កម្លាំងកាយចិត្ត និងថវិកាសម្រាប់ទ្រទ្រង់ពុទ្ធសាសនានៅកម្ពុជា។

ក្រោយការតែងតាំងជាឧកញ៉ា និងជាទីប្រឹក្សាផ្ទាល់សម្តេចសង្ឃរាជ ឧកញ៉ា ម៉ម វណ្ណឌី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២២/៦១៨ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី ដែលជាធុរៈជនវ័យក្មេងជោគជ័យរូបនេះក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅភូមិគ្រឹះសម្តេចនាទីក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។

សូមជម្រាបថា កន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា បានប្រគេនរថយន្តស៊េរីថ្មីទំនើបៗ ចំនួន២គ្រឿងថ្វាយដល់សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ និងសម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃគណៈធម្មយុត្តិកនិកាយ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានទិញរថយន្តលំដាប់អភិជន ម៉ាក Rolls-Royce ស៊េរីថ្មី ជាកាដូជូនភរិយាផងដែរ។

សម្រាប់កិច្ចការងារមនុស្សធម៌វិញ អ្នកឧកញ៉ា ម៉ម វណ្ណឌី តែងតែចេញមុខចេញមាត់ជួយឧបត្ថម្ភដូចភ្លៀងរលឹម ទាំងវិស័យអប់រំ និងសង្គមកិច្ច ខណៈដែលអ្នកឧកញ៉ា មួយរយៈចុងក្រោយនេះ ត្រូវបានសង្កេតឃើញថា បានបន្តដំណើរអមលោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះដល់មូលដ្ឋានជួយឧបត្ថម្ភដល់ជនរងគ្រោះ និងបំពេញបេសកកម្មនៅក្រៅប្រទេសទៀតផង៕

0 Shares