ក្រុមហ៊ុនមហាសេដ្ឋី Warren Buffett បន្តលក់ចេញភាគហ៊ុនជាង ៨០ លានដុល្លារ នៅ BYD

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Berkshire Hathaway បានប្រកាសលក់ភាគហ៊ុនបន្ថែមទៀត នៅក្នុងក្រុមហ៊ុនផលិតរយន្តអគ្គិសនីចិន BYD ដែលចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុង ក្នុងតម្លៃ ៨០,៧ លានដុល្លារ ។ នេះបើយោងតាមការចុះផ្សាយពី Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនដែលស្ថិតក្រោមការគ្រប់គ្រងដោយមហាសេដ្ឋី Warren Buffett មួយនេះ បានបន្តធ្វើការបន្ទាបចំនួនភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុន BYD ពី ១៦,២៨% មកនៅសល់ត្រឹម ១៥,៩៩% ប៉ុណ្ណោះ។ នេះបើតាមអ្វីដែលបានបង្ហាញដោយឯកសារផ្លូវការមួយ ផ្ញើទៅកាន់ទីផ្សារហ៊ុនហុងកុង កាលពីថ្ងៃអង្គារ ។

យ៉ាងណាមិញភាគហ៊ុន ដែលចុះបញ្ជីនៅផ្សារហ៊ុនហុងកុងរបស់ BYD បានធ្លាក់ចុះ ២,៣% ដល់ចំនួន ១៧៤,១ ដុល្លារហុងកុង កាលពីថ្ងៃពុធ។ រីឯតម្លៃទីផ្សាររួមបញ្ចូលគ្នានៃភាគហ៊ុនរបស់ BYD ដែលបានចុះបញ្ជីទាំងនៅផ្សារហ៊ុនហុងកុង និង Shenzhen ធ្លាក់មកនៅចំនួន ៨៧,៥០ ពាន់លានដុល្លារ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Berkshire Hathaway បានធ្វើការលក់ភាគហ៊ុនលើកចុងក្រោយរបស់ខ្លួន ចំនួន ៥,៧៨ លានហ៊ុន ដែលបានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង ក្នុងក្រុមហ៊ុន BYD នៅថ្ងៃទី ៨ ខែវិច្ឆិកា ក្នុងតម្លៃប្រមាណ ១,១៤ ពាន់លានដុល្លារហុងកុង ឬប្រហែល ១៤៦ លានដុល្លារ៕

0 Shares