ធនាគារចិនធំៗ ៣ ផ្តល់ជូនលុយរាប់ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ

អន្តរជាតិ

ធនាគាររដ្ឋធំៗ នៅក្នុងប្រទេសចិន កំពុងចាប់ផ្តើមយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជួយដល់ក្រុមហ៊ុនអភិវឌ្ឍជាច្រើន ដើម្បីបញ្ចប់វិបត្តិដែលកំពុងបន្តអូសបន្លាយ នៅក្នុងវិស័យអចលនទ្រព្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា ធនាគារពាណិជ្ជកម្មដ៏ធំបំផុតចំនួន ៣ របស់ចិន បានយល់ព្រមផ្តល់ការគាំទ្រផ្នែកមូលនិធិ ទៅកាន់ក្រុមហ៊ុនអភិវឌ្ឍច្រើន រួមទាំងក្រុមហ៊ុនឧស្សាហកម្មខ្នាតយក្ស Vanke ផងដែរ។

គួរឱ្យដឹងផងដែរថា ចំណាត់ការនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីបន្ធូរបន្ថយសម្ពាធ លើក្រុមអភិវឌ្ឍដែលជំពាក់បំណុលគេ និងដើម្បីអាចបញ្ចប់ការធ្លាក់ចុះនៃតម្រូវការលំនៅដ្ឋានផងដែរ។

ធនាគារទំនាក់ទំនងចិន (BooCom) បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងផ្តល់ប្រាក់កម្ចីចំនួន ១០០ ពាន់លានយ៉ន់ ឬជិត ១៤ ពាន់លានដុល្លារ ទៅកាន់ក្រុមហ៊ុន Vanke ដែលជាក្រុមហ៊ុនអភិវឌ្ឍលក់ដាច់បំផុតទីពីររបស់ប្រទេស ។

មិនតែប៉ុណ្ណោះ ធនាគារកំពូលរបស់ចិនមួយនេះ ក៏បានយល់ព្រមផ្តល់ឥណទាន ២០ ពាន់លានយ៉ន់បន្ថែម ទៅកាន់ក្រុមហ៊ុន Midea Real Estate Holding ផងដែរ ។

នៅថ្ងៃពុធដដែលនោះ ធនាគារកសិកម្មនៃប្រទេសចិន (AgBank) បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រមួយ ដើម្បីផ្តល់ការគាំទ្រការរៃអង្គាសប្រាក់ ដល់ក្រុមហ៊ុនអចលនទ្រព្យចំនួន ៥ រួមមាន Vanke, Longfor Group Holdings និង China Resources Land។ យ៉ាងណាក៏ដោយធនាគារ​ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​ទំហំទឹកប្រាក់ដែលបានផ្តល់ជូននោះឡើយ។

ក្រៅពីនេះ ធនាគារកណ្តាលចិន ក៏បាននិយាយកាលពីថ្ងៃពុធផងដែរថា ខ្លួនបានយល់ព្រមផ្តល់ឥណទានរហូតដល់ ១០០ ពាន់លានយ៉ន់ ទៅកាន់ក្រុមហ៊ុន Vanke ដើម្បីដោះស្រាយបញ្ហាបំណុលរបស់ពួកគេ ។

ជម្រាបជូនផងដែរថា វិស័យអចលនទ្រព្យរបស់ចិន ដែលធ្លាប់ជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចនោះ បានធ្លាក់ចុះយ៉ាងខ្លាំង នៅឆ្នាំ ២០២២ នេះ ដោយសារតែរដ្ឋាភិបាល មានការរឹតបន្តឹងខ្លាំង ជុំវិញការខ្ចីប្រាក់ច្រើនហួសហេតុពេក របស់ក្រុមអភិវឌ្ឍអចលនទ្រព្យ ៕

0 Shares