ពលករខ្មែរ ដែល​ត្រឡប់ពី​ប្រទេស​ថៃ សម្តែង​​ក្តីរំ​ភើប​ចិត្ត ខណៈ​​ស​ម្តេ​​ច​​ក្រឡា​ហោម​ ស ខេង អញ្ជើ​ញ​ជួប​​សំណេះ​សំណា​ល​សួរ​សុខ​ទុក្ខ

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយក្រុមគ្រូពេទ្យ និងបងប្អូន​ពលករ ដែលកំពុងដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីពិនិត្យតាមដានសុខភាព ក្នុងខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០២០។ ជាមួយគ្នានេះ បងប្អូនពលករ សម្តែងក្តីរំភើបចិត្តជាខ្លាំង ខណៈដែលមើលឃើញពី​សកម្មភាពរបស់​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ជាមួយពួកគាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រ​ធានក្រមការងារថ្នាក់ជាតិចុះជួយជួយខេត្តព្រៃវែង បានអញ្ជើញជួប​សំណេះសំ​ណាលដោយផ្ទាល់ជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលមានការសង្ស័យ ពិសេសពលករ ដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ហើយត្រូវបាន​ដាក់ឱ្យនៅ​ដោយឡែករយៈពេល១៤ថ្ងៃ ក្រោមការតាម​​ដានពិនិត្យសុខភាពរកជំងឺកូវីដ១៩​ពីក្រុមគ្រូ​ពេទ្យ នៅតាមបណ្ដាស្រុកឃុំមួយចំនួន ដូចជា ឃុំព្រៃស្នៀត ឃុំរកា ឃុំព្រៃ​ព្នៅនៃស្រុកពារាំង ឃុំអង្គរទ្រត ឃុំដំរីពួន នៃស្រុកស្វាយអន្ទរ និងឃុំព្រែកខ្សាយ ស្ថិតនៃស្រុកពាមរក៏ ក្នុងខេត្តព្រៃវែង។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសា​សន៍កោតសរសើរក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញ​ភារកិច្ចប្រកប​ដោយកា​រ​យកចិត្តទុកដាក់ក្នុងការពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែង​ការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋានដែលបានរួមសហការគ្នាចុះអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការង្ស័យ ឬទើបវិលមកពីក្រៅប្រទេសនោះ បានអញ្ជើញមកពិនិត្យសុខភាព និងចូលរួមអនុវត្តវិធានការណែ​នាំដោយក្រសួងសុខា​ភិបាល។

ក្នុងឱកាសជួបសំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញ​ចែកជូននូវម៉ាស់ ទឹកសម្លាប់មេរោគ និងសម្ភារៈមួយចំនួនទៀត ព្រមទាំងថវិកា ដល់ក្រុម​គ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ចពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋ និងជូនពលករ ដែលកំពុងស្ថិតក្រោមការតាមដានសុខភាពពីក្រុមគ្រូពេទ្យ និងបានផ្ដាំ​ផ្ញើ​ឱ្យខិតខំបន្តបំពេញភារកិច្ច និងយកចិត្តទុកដាក់ថែទាំ​សុខភាពតាមគោល​ការណ៍សុខាភិបាល។

ជាមួយគ្នានេះ បងប្អូនពលករ បានសម្តែងក្តីរំភើបចិត្តជាខ្លាំង ខណៈដែលបានជួប​ផ្ទាល់​ជាមួយសម្តេចក្រឡាហោម ស ខេង ដែលមានការយកចិត្តទុកដាក់ ជួយទំនុកប​ម្រុងដល់​ពួកគាត់ពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃយ៉ាងកក់ក្តៅ ពេលដែល​ពួកគាត់​កំពុងតែជួបបញ្ហានាពេលនេះ។

សម្ដេចក្រឡាហោម បានបង្ហាញទឹកចិត្តរំភើបរីករាយបន្ទាប់​ពីបានសង្កេតឃើញបង​ប្អូនប្រជាពលរដ្ឋ ពិសេសពលករ ដែលទើបវិលមកពីក្រៅប្រទេស មានស្មារតីចូលរួម​សហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដោយស្នាក់នៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីពិនិត្យតាមដានសុខភាព ដែលនេះ ជាការចូលរួមយ៉ាងសំខាន់ ក្នុងការបញ្ចៀស​ការឆ្លងជំងឺកូវីដ១៩ជាយថាហេតុដល់ក្រុមគ្រួសារ និងសាច់ញាតិ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍​គូសបញ្ជាក់ទៀត​ថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់​បំផុតចំពោះ​ការ​​ការពារ​សេចក្ដីសុខ និសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅ​ក្នុងបរិបទដែល​មនុស្សជាតិលើពិភពលោក កំពុងទទួលរងការគំរាមកំហែងខ្ពស់ដោយជំងឺកូវីដ១៩។

សម្ដេចក៏បានបន្ថែមទៀតថាការអនុវត្តវិធានការដាក់នៅដោយឡែកនេះ គឺមិនមែន​សម្រាប់​តែដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែល​ទើបវិលត្រឡប់ចូលប្រទេស​វិញឲ្យ​បានទាន់ពេលវេលាប្រសិនបើមានជំងឺកូវីដ១៩នោះទេ ប៉ុន្តែការណ៍នេះ​ក៏ជាវិធានការ​ដ៏ចាំបាច់បំផុតដើម្បីជួយទប់ស្កាត់ការរាលដាលជំងឺនេះទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទូទៅដែរ ដែលពួកគាត់មិនបានចេញទៅក្រៅប្រទេសនោះ៕