អតីត​តារា​ចម្រៀង Rock ម៉ូលីកា ទទួល​ការ​កោត​សរសើរ​ពី​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ

កម្សាន្ត

អតីត​តារា​ចម្រៀង ម៉ូលីកា និង​ស្វាមី ដែល​ជា​ម្ចាស់​ហាងNk Molika Beauty ក៏​ទទួល​បាន​ការ​កោតសរសើរ​ពី​ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​គូស្វាមី​ភរិយា​សិល្បៈ​មួយ​គូ​នេះ បាន​ប្រកាស​ឧបត្ថម្ភ​សម្ភារ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស ខូវីដ ១៩ យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ជូន​ដល់​ឯកឧត្ដម​ស្នងការ​រាជធានី​ភ្នំពេញ សម្រាប់​ឲ្យ​បង​ប្អូន​​សមត្ថកិច្ច​ប្រើ​ប្រាស់​ក្នុង​ការងារ ដើម្បី​ប្រយុទ្ធ​ទប់​ទល់​នឹង​ការ​រីករាល​ដាល​របស់​ជំងឺ​កំណាច Covid-19។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​នាង ម៉ូលីកា បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា នាង​បាន​ឧបត្ថម្ភ ​នូវ​ម៉ាស​ចំនួន​៥០០០ ស្រោម​ដៃ​ចំនួន ៥០០គូ និង​ទឹក​អាល់កុល​ចំនួន​៦០០ដប ដល់​​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

ភ្លាមៗ​បន្ទាប់​ពី​មាន​ការ​ឧបត្ថម្ភ ​ទឹក​ចិត្ត​ដ៏​ប្រពៃ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ លើ​ហ្វេសប៊ុក​ឯកឧត្ដម ស ថេត គេ​បាន​ឃើញ ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​អំណរ​គុណ​ដល់​សប្បុរស​ជន​ទាំង​អស់​ដែល​បាន​បរិច្ចាគ​សម្ភារៈ​ដូច​ជា​ម៉ាស ស្រោមដៃ អាល់កុល និង​ជែល​លាង​ដៃ​សម្លាប់​មេរោគ រួម​ជាមួយ​សម្ភារៈ​មួយ​ចំនួន​ទៀត ជូន​ដល់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​នៃ​វីរុសកូវីដ១៩ ដែល​មាន​គូ​ស្វាមី​ភរិយា​សិល្បៈ​គូ​នេះ​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាង មូលីកា បញ្ជាក់​ថា នាង​មាន​អារម្មណ៍​រីករាយ​ណាស់ ក្រោយ​បាន​ជូន​សម្ភារៈ ទាំងនេះ​ដល់​​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នា​ពេល​នេះ។ អតីត​តារា​របស់​ផលិតកម្ម Rock ប្រាប់​ថា នេះ​ជា​កាលៈទេសៈ​ដ៏​លំបាក ដែល​ទាម​ទារ​ឲ្យ​ម្នាក់​ៗ ត្រូវ​ចែក​រំលែក​ការ​ឈឺ​ឆ្អាល ព្រោះ​ការ​ភ័យ​ខ្លាច​ពី​ការ​រាត​ត្បាត​របស់​ខូវីដ១៩​នេះ បាន​ក្លាយ​ជា​​រឿង​យើង​ទាំង​អស់​គ្នា​ទៅ​ហើយ។

ដូច្នេះ​ហើយ នាង​ពេញ​ចិត្ត​នឹង​ជួយ​តាម​លទ្ធភាព ពិសេស​ជួយ​ដល់​បង​ប្អូន​សមត្ថកិច្ច ដែល​នាង​មើល​ឃើញ​ថា នៅ​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​សម្ភារៈ​ខាង​លើ​ច្រើន​នៅ​ឡើយ។ តាម​តារា​ស្រី​សម្ភារៈ​ទាំង​អស់​នោះ នាង​បាន​ចំណាយ អស់​ថវិការ​ចំនួន​ប្រមាណ ៣ ៥០០ដុល្លារ​សហរដ្ឋ​អាមេរិក។

នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ​ដែល ម៉ូលីកា បាន​ចូល​រួម​ចែក​រំលែក​ទឹក​ចិត្ត តាម​រយៈ​ជំនួយ​សប្បុរសធម៌​​ជួយ​ដល់​សង្គម​តែ​ជានិច្ចកាល​គេ​ឃើញ​នាង​បាន​ចុះ​ចែក​ទាន​ដល់​សិល្បករ​ក្រខ្សត់​ខ្លាំង រួម​ទាំង​ពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ខ្លាំង​ជា​រឿយ​ៗ​ដែរ។ នៅ​ក្នុង​សកម្មភាព​ពេល​នេះ​ទៀត ក្រៅ​ពី​ទិញ​សម្ភារៈ​ខាង​លើ​ជូន​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ថ្មី​ៗ​នេះ ម៉ូលីកា ក៏​បាន​ផ្ដល់​ថវិកា​ចំនួន២,០០០ដុល្លា ដល់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​កូវីដ១៩ ផង​ដែរ៕

ប្រភព៖ Sabay