អ្នកជំនាញ វាយ​តម្លៃថា​ ការរាត​ត្បាត​នៃកូវីដ ១៩ ប៉ះ​ពាល់​ខ្លាំង​ដល់​វិ​ស័យ​លក់​រាយ​នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

បញ្ហាវីរុសកូវីដ ១៩  បានបង្កឲ្យវិស័យលក់រាយនៅកម្ពុជា រងផលប៉ះពាល់ខ្លាំងជាង​គេពីការរាតត្បាតនៃវីរុសនេះ។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកស្រី​ អាន​ សុធី​តា បានឲ្យ​ដឹងថា ការរីករាលដាលនៃវីរុសកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ទៅដល់​សេដ្ឋកិច្ចសង្គមនៃប្រទេសជាច្រើន បូករួមទាំងកម្ពុជាផងដែរ។ អ្នកស្រីបន្តថា ដើម្បីធ្វើការ​ទប់ស្កាត់នៃការរីករាលដាល និងការឆ្លងនៃវីរុសកូវីដ ១៩ រាជរដ្ឋាភិ​បាល​បានដាក់ចេញនូវការណែនាំ និងវិធានការមួយចំនួនរួមបញ្ចូលទាំងការផ្អាក​ការប្រា​រព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងការលើកទឹកចិត្តឲ្យប្រជាជននៅ​ផ្ទះដែល​កត្តា​នេះបានប៉ះពាល់យ៉ាងខ្លាំងទៅដល់វិស័យលក់រាយពីព្រោះមនុស្សភាគច្រើនបានសម្ងំនៅផ្ទះ។

បន្ថែមពីនេះ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodiaរូបនេះ បានសង្កត់​ធ្ងន់​ទៀតថា តម្លៃអលនទ្រព្យកម្ពុជាកំពុងមានការធ្លាក់ថ្លៃ ដោយសារតែសម្ពាធ និងផលប៉ះពាល់នៃការរាតត្បាតនៃវីរុសកូរ៉ូណា​ បើយោងទៅតាម​របាយការណ៍​ទីផ្សារអចលនទ្រព្យត្រីមាសទី១ ឆ្នាំ២០២០។

អ្នកស្រីអះអាងថា បើតាមរយៈរបាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia បង្ហាញថាការធ្លាក់ចុះនៃចំនួនមនុស្សចេញទៅខាងក្រៅ ឧទាហរណ៍ ដូចជា ផ្សារ និងហាង​ទំនិញផ្សេងៗបានធ្វើឲ្យតម្លៃនៃការជួលតូប ឬទីតាំងលក់មានការ​ធ្លាក់ចុះរហូត​ទៅដល់ ១០.៥ % ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុត​នៅក្នុងរយៈពេល​៤ឆ្នាំចុងក្រោយនេះ។

គួរជម្រាបថា បើយោងតាមរបាយការណ៍របស់ CBRE Cambodia ទិន្នន័យពីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស៊ីវិលបានបង្ហាញថា ក្នុងរយៈពេលពីរ​ខែដំបូងដើមឆ្នាំ២០២០ ការវិនិយោគក្នុងវិស័យសំណង់​រក្សាបាននូវភាពរឹងមាំ​ដោយ​គម្រោងចំនួន ៧២៨ ត្រូវបានអនុញ្ញាតជាមួយទុនវិនិយោគសរុបជិត២ពាន់ លានដុល្លារ បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩​ចំនួននេះមានការកើនឡើង​រហូតទៅ ដល់ ៤៧​%។ ប៉ុន្តែយ៉ាងណា ចាប់តាំងពីដើមខែមីនាមក ការវិនិយោគក្នុងវិ​ស័យសំណង់នៅកម្ពុជាមានការធ្លាក់ចុះ បន្ទាប់ពីបញ្ហានៃវីរុសកូវីដ ១៩ បន្ដរីករាល​ដាលខ្លាំងទាំង​នៅកម្ពុជា និងពិភពលោក៕ អត្ថបទ៖ សិរីកា