អគ្គរដ្ឋទូត​ទី​ម័រ​ឡេស្តេប្រ​ចាំ​កម្ពុជា អរគុណ​កម្ពុជា ដែល​លក់​​អង្ករ​ឲ្យទី​ម័រ ក្នុង​គ្រា​ដែល​កំពុង​​ខ្វះ​ខាត​ស្បៀង

សង្គម​និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតប្រទេសទីម័រឡេស្តេប្រចាំកម្ពុជា បានឆ្លៀតថ្លែងអំណរគុណដល់កម្ពុជា ដែលបានលក់អង្ករឲ្យទីម័រ ខណៈកំពុងខ្វះខាតស្បៀង អំឡុងកូវីដ១៩ រាតត្បាតនេះ។ ការថ្លែងអំណរគុណនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម រវាងឯកអគ្គរ​ដ្ឋទូត​ទីម័រឡេស្តេប្រចាំកម្ពុជា ជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួងការបរទេស នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាកិច្ចចាប់ផ្តើមនៅក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែង​ការស្វាគមន៍ និងអបអរសាទរ ដែលឯកឧត្តម Ermenegildo Kupa Lopes ដែលត្រូវ​បានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំកម្ពុជា។

ឯកឧត្តម ប្រាក់ សុខុន សម្តែងក្តីសង្ឃឹមថា ក្នុងអំឡុងបេសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម បានលើកឡើងថា កន្លងមកប្រទេសទំាំងពីរមានទំនាក់ទំនងល្អនឹងគ្នារួចហើយ ជាពិសេសតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច នៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់​ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមប្រាក់ សុខុន ក៏បានជូនពរដល់បេស​កម្មរបស់ឯកអគ្គរដ្ឋថ្មីទទួលបានជោគជ័យ ហើយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក៏ត្រៀមសហការជាមួយឯកឧត្តមឯកអគ្គរដ្ឋ និងស្ថានទូតទាំងមូលផងដែរ។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ឯកឧត្តម Kupa Lopes បានសម្តែងការថ្លែង​អំណរគុណដល់ឯកឧត្តមប្រាក់ សុខុន ដែលបានចំណាយពេលដ៏មានតម្លៃ អនុញ្ញា​តឲ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដែលជាបញ្ហាសកល ដោយឯកឧត្តមកត់​សម្គាល់ឃើញថា កម្ពុជា មានការគ្រប់គ្រងស្ថានការណ៍បានល្អ ដោយពុំមានអ្នកឆ្លងថ្មី និងមានអ្នកជាសះស្បើយពីជំងឺនេះជិតអស់ហើយផងដែរ។ នេះបើតាមការ​គូស​បញ្ជាក់តាមរយៈឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស។

នាកាសឱកាសនេះដែរ ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ក៏បានឆ្លៀតថ្លែងអំណរគុណរាជរដ្ឋា​ភិបាលកម្ពុជា ដែលបានអនុគ្រោះលក់អង្ករ ជូនប្រទេសទីម័រ ដែលកំពុងមាន​តម្រូវការ​ចាំបាច់ នៅក្នុងអំឡុងពេលកូវីដ១៩កំពុងរាតត្បាតនេះ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ក៏មើលឃើញអំពីសក្កានុពល​នៃស័យកសិកម្មកម្ពុជា និងគ្រោងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំងពីរ លើវិស័យនេះផងដែរ។ ប្រទេសទីម័រឡេស្តេ គឺជាប្រទេសដែលមានទំហំផ្ទៃដីតូច និងមានប្រជាជនរស់នៅតែប្រមាណ ១លាន៣សែននាក់ប៉ុណ្ណោះ៕