ម៉ីសន សុធារី៖សេចក្តីសង្ឃឹម ដែលជាថ្នំា​ព្យាបាលក្នុងវិបត្តិសង្គម​និងសេដ្ឋកិច្ច​​ដោយ​​កូវីដ​១៩​

សង្គម​និង​សេដ្ឋកិច្ច


លោកស្រី ម៉ីសន សុធារី គឺជាអ្នកនិពន្ធដែលកំពុងមានឈ្មោះបោះសំឡេង ហើយក៏ជាម្ចាស់សៀវភៅ​ពេល​វេលា ដ៏ល្បីល្បាញនៅកម្ពុជាផងដែរ លោកស្រីបានចាត់ទុកថា ខែឧសភាខាងមុខនៅតែជាខែដ៏លំបាកមួយ​សម្រាប់បណ្តា​​អ្នករកស៊ី និង​ អ្នកជំនាញ និងអ្នកផ្តល់សេវាកម្ម​នានា ក្នុងការ​បង្កើត​ផែនការ​ថ្មី​ៗ ល្អៗសម្រាប់ការផ្លាស់ប្តូររបៀបរស់នៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោមនេះគឺជាសំនួរ និងចម្លើយ ដែលគ្រប់គ្នាត្រូវការ និងចង់ដឹងអំពីអ្នកនិពន្ធរបស់យើង គឺលោកស្រី ម៉ីសន សុធារី សូមតាមដាន​បទសម្ភាសន៍ជាមួយយើងខ្ញុំដូចខាងក្រោម ៖

សំណួរ៖ បង! យោងតាម​ទិន្និន័យ​ពេលនេះ​តើបងយល់ថា ខែក្រោយអាចជាខែល្អ​ឡើងវិញដែរ ឬយ៉ាងណាសម្រាប់គ្រប់យ៉ាង ?

ចម្លើយ៖ វានឹងក្លាយជាខែដ៏លំបាកមួយ ព្រោះ​យើងត្រូ​វតែវិលទៅធ្វើការ​វិញ កំណត់​យុទ្ធសាស្ត្ររៀងៗខ្លួន ដើម្បីផ្លាស់ប្តូរ​ឥរិយាបថនៃការ​ប្រកបរបរទទួលទាន មិនថាផ្នែកណាមួយឡើយ គ្រប់គ្នា​ត្រូវសម្រេចចិត្ត ។ ខ្ញុំមិនមែន​បានន័យ​ថា កន្លងមក​យើងបានឈប់ធ្វើការទេ ប៉ុន្តែ​ខ្ញុំចង់និយាយថា ​យើ​បាននាំគ្នា​ធ្វើការ​ផង ភ័យ​ផង តាមដាន​ផងគឺធ្វើត្រឹមមួយរស់ មួយទប់ ហើយ​រង់ចាំ​មើលសិន ! ពេលនេះ យើងអស់ពេលចាំមើលហើយ ! គ្រប់គ្នា​ត្រូវ​បង្វែរ​ផ្លាស់ប្តូរ ព្រោះ២ខែហើយ ! ​អ្វីៗ​ច្បាស់ដូចថ្ងៃ ថា យើង​ត្រូវបន្ត​តាមរបៀបចាស់រង់ចាំ​បរាជ័យ ឬមួយ​ក៏​ផ្លាស់មករបៀបថ្មី ?

សំណួរ៖ ក្នុងនាមជាអ្នកនិពន្ធ តើបងមាន​គំនិតបែបណា​ចំពោះការប្រើប្រាស់ពេលវេលាក្នុងហានិភ័យមួយនេះ ?

ចម្លើយ៖ នេះមិនមែនជាហានិភ័យទេ ប៉ុន្តែ​ជា​សង្គ្រាម! វាមិនមែន​ស្រពេចស្រពឹលដូចកាលពីគ្រប់គ្នា បានរៀន ​ក្នុងសាលាពាណិជ្ជកម្មទេ តែវាមកដល់ចំពោះមុខហើយ! សង្គ្រាម​លើកនេះ ពុំមែន​គ្រប់គ្នា​ត្រូវប្រឆាំង​នឹងអ្នកណា​ទំាងអស់ គឺកំពុង​តែ​សាកល្បងនឹងខ្លួនឯងថាអាចផ្លាស់ប្តូរបានដែរទេ ? កាលពីមុនមនុស្សជាច្រើន​ក្នុងប្រទេសយើង​មាន​ហេតុផលមានក្តីស្រមៃ​ផ្សេង តែពីរខែចុងក្រោយនេះ​យើង​តែងក្រោកមកជាមួយ​នូវការភាន់ច្រឡំមួយ​ថា តើជាសុបិន ឬការពិត! យើងត្រូវភ្ញាក់មក​វិញហើយ​ប្រាប់ខ្លួនឯងថាពិភពលោកនេះលែងដូចមុនហើយ! យើង​ត្រូវតែ​រហ័ស​គ្រប់គ្រាន់ក្នុងការ​ទទួលយក ​ហើយ​ឆ្លៀតប្រើឧបសគ្គមកកម្រើកបានមុនគេ ផ្លាស់ប្តូរបានលឿនជាងគេ ​​ប្រសិន​បើចង់បានជោគជ័យ​ដំបូងគេ !

សំណួរ៖ បងធ្វើយ៉ាងណា​ទើបអាចផ្លាស់ប្តូរបាន ?

ចម្លើយ៖ មិនទាន់បានទំាងស្រុងទេ​ប៉ុន្តែកំពុងធ្វើ! ការផ្លាស់ប្តូរក៏វាមិនមែនងាយស្រួល​ដូចនិយាយដែរ! យើង​ត្រូវការ​តាំងចិត្ត កម្លាំងចិត្ត និង​សេចក្តីសង្ឃឹម។ ខ្ញុំខ្លួនឯង មាន​ពេលខ្លះបាក់ទឹកចិត្ត​យ៉ាងខ្លាំង ខ្លាំង​ដល់ថ្នាក់មិនចង់និយាយស្តី មិនចង់ហូបបាយ​មិនចង់ទៅណាខ្ញុំនិយាយរឿងនេះ​ជាមួយ​មនុស្ស​ល្អៗនៅក្បែរខ្ញុំ ហើយ​ខ្ញុំ​បានប្រើការស្រលាញ់ចំពោះពួកគេ​មកធ្វើជាកម្លាំង​ចិត្ត​ ព្រោះថា​បើគ្មាន​កម្លាំង​នេះ សេចក្តីសង្ឃឹម​ក៏គ្មាន​ដែរ នៅពេលគ្មាន​ក្តីសង្ឃឹម​តើយើងទៅធ្វើអ្វីបាន ? ខ្ញុំតែងតែងាយ​បាក់ទឹកចិត្ត តែខ្ញុំឆាប់ជាសះស្បើយមកវិញ នេះជាទម្លាប់ដោយសារ​យើងមានចំណេះ​ដឹងជាគ្រឿងទប់ ​និងយើងមាន​គំនិតបើកចំហរជាថ្នាំព្យាបាល ។

សំណួរ៖ បើពេលនេះ​មនុស្សម្នាក់កំពុងបាក់ទឹកចិត្ត​ ខំ​ដាក់លុយកាក់ធ្វើអ្វីៗ​ស្រាប់តែខាតបង់អស់ ទំាងមិនអស់ចិត្ត តើគាត់ត្រូវធ្វើយ៉ាងណា?

ចម្លើយ៖ គិតមួយៗអំពីហេតុ និងផល! តើយើង​ស្តាយអ្វី?​ប្រសិន​បើចម្លើយគឺលុយកាក់ ខ្ញុំអាចមានគំនិតថា លុយកាក់ គង់រកមកបាន បើយើង​ស្លាប់បាត់វាក៏គ្មានន័យទៀតដែរ! ប្រសិន​យើងស្តាយ​មុខមាត់ និង​ពេលវេលា​កម្លំាងកាយចិត្ត ខ្ញុំនឹង​ប្រាប់ខ្លួនឯងថា គ្រប់គ្នា​ដូចយើង​ដែរទេ អ្នកខ្លះខាតបង់ច្រើនជាងយើងផង ខ្លះគេ​វិនិយោគមក១០ ឬ ២០ឆ្នាំ មកខាតអស់រលីងត្រឹមពេលចុងក្រោយ​នេះផង! គ្មានអ្វីមួយ​ទៀងទាត់ស្រាប់ហើយក្នុងលោកយើងនេះ! ទ្រព្យ​សម្បត្តិ​មែន​ទែន​របស់មនុស្ស​យើង គឺកម្លំាងចិត្ត ​និងកាយ យើងត្រូវតែចេះថ្នាក់ថ្នមថែទំាវា ព្រោះថា​បើយើង​បណ្តោយ​ឱ្យបាត់ វានឹងបាត់ទៅទៀត នោះយើងចាញ់ហើយ ។

សំណួរ៖ តើបងនឹង​សរសេរសៀវភៅអំពីសេចក្តីសង្ឃឹមដែរទេ ?

ចម្លើយ៖ គ្រប់សៀវភៅ គ្រប់វីដេអូ គ្រប់អត្ថបទ គ្រប់Caption ដែលខ្ញុំបាន​សរសេរ​ខ្ញុំតែង​តែបញ្ចូលអំពី​អាវុធមួយនេះ គឺ « សេចក្តីសង្ឃឹម » ! ខ្ញុំតែង​តែ​នាំមនុស្ស​គ្រប់គ្នា​ឱ្យ​យល់អំពី​គុណតម្លៃ​នៃ​សេចក្តីល្អ និងជឿជាក់ គុណតម្លៃ​នៃការពិត​ដែលថ្លាឆ្វង់ពីក្រោមអំពើកេងបន្លំ និង​លាបព៌ណ មួលបង្កាច់ ។ ខ្ញុំមិនបាច់មាន​សៀវភៅមួយ​ដែលមានចំណងជើង​ថាសេចក្តីសង្ឃឹម​ទេ ព្រោះគ្រប់មនុស្ស​ដែលអានសំណេររបស់ខ្ញុំ គេបាន​ទទួលវា​រួចទៅហើយ ហើយពួកគេ​នឹងបន្តសរសេរអត្ថបទ និយាយវីដេអូ រាប់ម៉ឺន​សែនបន្ថែមទៀត​ អំពីពាក្យនេះ ។

សំណួរ៖ តើបងចង់ឱ្យគ្រប់យ៉ាងវិលត្រឡប់ដូចមុនវិញដែរទេ?

ចម្លើយ៖ តាំងពីដើមមក​មនុស្ស​យើង​តែង​ចង់បង្វិលពេលវេលា​ឱ្យថយក្រោយ ។ មិនថាពេលនេះមាន​វីរុស ឬពេលមុន ពេលណា​ក៏ដោយ មនុស្ស​យើងតែងតែលោភលន់ចង់ដឹងអ្វីមុនដើម្បីធ្វើការ​ដោះស្រាយ​ឱ្យបានល្អជាងនេះ ! មនុស្ស​យើងមិនចេះស្កប់ស្កល់ទេ តែបើយើងអាចស្កប់ស្កល់បានខ្លះ យើងជោគជ័យ​ខ្លាំង​ហើយ! ខ្ញុំពុំមែនជាបុព្វជិត! ខ្ញុំជាមនុស្ស​ធម្មតាម្នាក់​ ខ្ញុំពេលខ្លះក៏​ស្រងេះស្រងោច នឹកឃើញ​ហាងកាហ្វល្បីៗនៅសង្កាត់បឹងកេងកងមួយ ដែលខ្ញុំតែ​ងតែមាន​ប្រជុំជាមួយ​មនុស្ស​នានា មិនដាច់! ខ្ញុំនឹក​ដល់​ជីវភាព​សប្បាយ​ពីអតីតកាលប្រកបដោយសេរីភាព តែពេលនេះ ខ្ញុំមាន​សេរីភាព​បែបផ្សេង ​!គ្រប់គ្នាទៅណាមិនបានទំាងអស់គ្នា ! ពេលខ្លះ​វាក៏ល្អ យើងមិនបាច់ប្រៀបធៀបច្រើន សំខាន់ក្នុងពេលនៅផ្ទះ​នេះ អ្នកណាមាន​លទ្ធផល​ច្រើនជាង​ អ្នកហ្នឹងកំពុងប្រើពេលវេលា​យ៉ាងមាន​តម្លៃ ! កុំនៅស្ងៀម ធ្វើអ្វីម្យ៉ាងទៅ​ពេលវេលាមិនរង់ចាំ​យើងទេ ៕

ប្រភព៖business-cambodia.com