ប្រាសាទកណ្ដាលស្រះស្រង់ ដែល​រលំរាប់រយឆ្នាំ នឹង​ជួសជុល​រួច​នៅចុងឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

(សៀមរាប)៖ ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី ទំនងជាត្រូវបានកសាងឡើងដំបូង​គេបង្អស់​ក្នុង​ចំណោម​ព្រះរាជសមិទ្ធផលនានារបស់ព្រះបាទជ័យវរ្ម័នទី៧ មុនការកសាងប្រាសាទ​តាព្រហ្ម នៅឆ្នាំ​១១៨៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


នៅកណ្ដាលស្រះស្រង់ក៏មានប្រាសាទតូចមួយដែរ ប៉ុន្តែប្រាសាទនោះ​ត្រូវបានបាក់រលំ​ជា​ច្រើន​រយឆ្នាំ​មកហើយ។ មកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាបានបើកការជួសជុល​ប្រាសាទ​នេះឡើងវិញ ដែលគ្រោងនឹងបញ្ចប់ឲ្យបានរួចរាល់នៅចុងឆ្នាំ២០២០នេះ។

នាពេលថ្មីៗនេះ ក្រុមការងាររបស់​អាជ្ញាធរជាតិអប្សរាបានរកឃើញ​បុរាណវត្ថុមួយចំនួនពីការ​ធ្វើ​កំណាយ​នៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់​ជាច្រើន​គ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ដែលមួយនៅ​មានរូបរាង​ល្អ ​និង​មួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។


គេក៏បានធ្វើកំណាយរកឃើញចម្លាក់ថ្មរូបសត្វអណ្ដើក ២ ទៀតដែរ ខណៈក្រុមការងារកំពុង​វិភាគ​ស្រាវ​ជ្រាវរកអំណះអំណាងបន្ថែមអំពីប្រភព និងបុព្វហេតុនៃការបុរាណវត្ថុទាំងនេះ៕

ប្រភព៖ ក្រសួងទេសចរណ៍