អេហ្ស៊ីបកើបបានលុយជាង ៤ ពាន់លានដុល្លារ ពីព្រែកជីកស៊ុយអេ ក្នុងរយ:ពេល ៨ ខែដំបូង

អាជ្ញាធរព្រែកជីកស៊ុយអេរបស់ប្រទេសអេហ្ស៊ីប ឬហៅកាត់ (SCA) បានបង្ហាញនៅសប្តាហ៍នេះថា ប្រាក់ចំណូលដែលបានមកពីព្រែកជីកដ៏ធំមួយនេះ បានកើនឡើងដល់ ១១,៦% ក្នុងតម្លៃ ៤,០៩ ពាន់លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ ។ ជាក់ស្តែង SCA បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចំនួន ១៣ ៣១៧ គ្រឿង បានឆ្លងកាត់ព្រែកជីកនេះ ចាប់តាំងពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១ បើប្រៀបធៀបជាមួយរយ:ពេលដូចគ្នាកាលពីឆ្នាំមុន មាននាវាឆ្លងកាត់ត្រឹមតែ ១២ ៤៨២ គ្រឿងប៉ុណ្ណោះ ពោលគឺកើនឡើងប្រមាណ ៦,៧% ។ យ៉ាងណាការកើនឡើងនៃប្រាក់ចំណូលនេះ គឺបានកើតឡើងនៅពេលដែល SCA បាននិងកំពុងអនុវត្តផែនការរបស់ខ្លួនក្នុងការពង្រីក ក៏ដូចជាជីកជម្រៅផ្នែកខាងត្បូងនៃព្រែកជីកបន្ថែមទៀត ។ គួរបញ្ជាក់ផងដែរថាព្រែកជីកស៊ុយអេនេះ គឺជាខ្សែជីវិតដ៏សំខាន់ សម្រាប់ពាណិជ្ជកម្មផ្លូវសមុទ្រនៅលើពិភពលោក ចាប់តាំងពីវាអនុញ្ញាតឲ្យកប៉ាល់ ធ្វើដំណើរឆ្លងកាត់បានរវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ីខាងត្បូង ដោយមិនចាំបាច់ត្រូវធ្វើដំណើរជុំវិញទ្វីបអាហ្រ្វិក ខណ:វាបានកាត់បន្ថយចម្ងាយធ្វើដំណើរលើផ្ទៃសមុទ្រប្រហែល ៧ ០០០ គីឡូម៉ែត្រ៕ ប្រភព: News.cn

Continue Reading