អាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃជាង១ ៥០០លានដុល្លារ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែតុលា ខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា លំដាប់ 4F នឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងខាងលើបានឱ្យដឹងបន្តថា យោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ ៖

កំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋាន អន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ។

កំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ បើកឱ្យដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលកំពុងតែមមាញឹកប្រតិបត្តិការទទួលអ្នកអ្នកដំណើរចេញ-ចូលនឹងត្រូវបិទទ្វារ។

ការបិទទ្វាដែលទទួលអ្នកដំណើររបស់ព្រលានយន្តហោះនេះ គឺដើម្បីផ្លាស់ប្តូរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានស្គាល់ជា អាកាសយានដ្ឋានធំបំផុតនៅកម្ពុជា សាងសង់បានជាង៩០%ហើយ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើឱ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។ ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ីផងដែរ៕