វិធានការពន្ធគយរបស់លោក ត្រាំ ជួយអាមេរិកកាត់បន្ថយឱនភាពថវិកាជិត ៣ទ្រីលានដុល្លារ

អន្តរជាតិ

យោងតាមការិយាល័យថវិកាសភាអាមេរិក (CBO) បានប៉ាន់ប្រមាណថាវិធានការពន្ធគយរបស់ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួយកាត់បន្ថយឱនភាពថវិកាចំនួន ២,៨ទ្រីលានដុល្លារ ក្នុងរយ:ពេល ១០ឆ្នាំ ប៉ុន្តែវាក៏នឹងនាំមកនូវផលវិបាកជាច្រើនវិញ ផងដែរ។ ​នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យ ​​CBO ក៏បានបង្ហាញឲ្យដឹងទៀតថា ការអនុវត្តគោលនយោបាយពន្ធគយរបស់លោក ត្រាំ​ ត្បិតតែអាចជួយកាត់បន្ថយឱនភាពថវិកាអាមេរិកបានយ៉ាងច្រើនក៏ពិតមែន ប៉ុន្តែវានឹងនាំមកជាមួយផលប៉ះពាល់អវិជ្ជមាន ដូចជាការធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះខ្សោយ បង្កើនអតិផរណា និងកាត់បន្ថយអំណាចនៃការទិញរបស់ពលរដ្ឋ ផងដែរ។

CBO បាននិយាយទៀតថា ទោះបីជាឱនភាពថវិកាត្រូវបានកាត់បន្ថយ ប៉ុន្តែប្រាក់ចំណូលរបស់ប្រជាជនជាទូទៅនឹងត្រូវធ្លាក់ចុះ។ ហើយមិនតែប៉ុណ្ណោះ វិធានការពន្ធគយនេះ ក៏ធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះផងដែរ ដោយអាចនឹងកាត់បន្ថយផលិតផលក្នុងស្រុកសរុបចំនួន ០,០៦% ក្នុងមួយឆ្នាំ។

ជម្រាបជូនផងដែរថា ក្នុងពេលជាមួយគ្នានេះ ការដាក់ចេញនូវគោលនយោបាយពន្ធគយរបស់លោក ត្រំា ក៏នឹងធ្វើឲ្យអាមេរិក ប្រឈមមុខទៅនឹងកើនឡើងនៃអតិផរណា ដល់ ០,៤% ដោយសារតែទំនិញនាំចូលឡើងថ្លៃ។ ហើយមិនតែប៉ុណ្ណោះ​ យោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់អាមេរិក នឹងថយចុះមកត្រឹម ១,៥% ប៉ុណ្ណោះ នៅឆ្នាំក្រោយ៕