ដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ចុងសប្តាហ៍នេះហើយ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម។

លោក ផន រឹម បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដានេះ ក្រុមការងារបានធ្វើសកម្មភាពនៅតំបន់ចុងទី ដោយបានចុះបោះបង្គោលនិយាមកាដំបូងលើផ្ទៃសមុទ្រ(ខេត្តកែប)បានដោយជោគជ័យ។ ក្រុមការងារនឹងបន្តបោះបន្ថែមទៀត ទៅតាមផែនការ និងតាមគោលដៅ ដែលបានគ្រោងទុកនៅលើផ្ទៃសមុទ្រ។
លោកបន្តថា បច្ចុប្បន្ននេះក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោបានដោយជោគជ័យតាមកំណាត់ ឆ្លងកាត់ំ់ភូមិសាស្ត្រខេត្តនីមួយៗ ក្នុងនោះរួមមាន៖
កំណាត់ទី១ប្រវែងជាង២១គីឡូម៉ែត្រ ពីចំណុចដើមទី នៃតំបន់ព្រែកតាកែវ(ទន្លេមេគង្គ)-ព្រែកពោធិ៍(ទន្លេបាសាក់) ក្នុងភូមិស្រ្តាខេត្តកណ្តាលចំនួន ១៥៥បង្គោល។ កំណាត់ទី២ ពីចំណុចព្រែកតាហ៊ីង(ទន្លេបាសាក់) ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តតាកែវចំនួន ២៣២បង្គោល,ខេត្តតាកែវចំនួន ៥៥២បង្គោល ,ខេត្តកំពតចំនួន ៨០១បង្គោល និងខេត្តកែបមានចំនួន១៨០បង្គោល ដោយសរុបទាំងអស់មានចំនួន១៩២០បង្គោល។លោកបន្ថែមថា ដំណាក់កាលបន្ទាប់ ក្រុមការងារដោះស្រាយផលប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះវាស់វែងក្បាលដីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ តាមយន្តការដោះស្រាយផលប់ះពាល់របស់រាជរដ្ឋាភិបាល ដោយមិនឱ្យបងប្អូនប្រជាពលរដ្ឋណាមួយបាត់បង់ផលប្រយោជន៍ឡើយ។

សូមជម្រាបថា គម្រោងព្រែកជីហ្វូណនតេជោ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ផ្លូវទឹកមួយខ្សែនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាលប្រវែង៥៤គ.ម ខេត្តតាកែវប្រវែង ៦០គ.ម ខេត្តកំពតប្រវែង ៤៣គ.ម និងខេត្តកែបប្រវែង១៧,៥ គ.ម ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។
គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។ គម្រោងនេះ ត្រូវបានរំពឹងទុកថានឹងសាងសង់រួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕អត្ថបទ៖ ហ្សាលីន




