រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការគម្រោងចំនួន២ ដែលជាសមិទ្ធផលថ្មី តម្លៃខ្ទង់លានៗដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាហេដ្ឋារចនាសម្ព័ន្ធ សំខាន់ថ្មីមួយទៀតក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធសមិទ្ធផលថ្មីទាំងពីរនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងមានការចូលរួមពីលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ផងដែរ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។

សមិទ្ធផលទី១ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ គឺជាគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុន ក្រោមគំរូវិនិយោគជា “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុនដែលសន្សំសំចៃផ្ទៃដី។ រោងចក្រនេះមានសមត្ថភាពផលិតទឹកស្អាតបាន ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងជួយបន្ថែមសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យដល់ជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។

គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ ត្រូវបានចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៥ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន KKKCT មកពីប្រទេសជប៉ុន ក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ គម្រោងនេះបានទទួលហិរញ្ញប្បទានឥតសំណងប្រមាណ ២៣,២៥ លានដុល្លារ ពីប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

សមិទ្ធផលទី២ គឺស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាគម្រោងអនុវត្តកិច្ចសន្យារវាងក្រុមហ៊ុន OCIC  និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីស្តារផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរាលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ស្ថានីយ៍បូមទឹកឆៅថ្មី តម្លៃ២៨លានដុល្លារ មានសមត្ថភាពបូមទឹកឆៅបាន ៤៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រទឹកស្អាតនិរោធក្នុងដំណាក់កាលបច្ចុប្បន្ន និងអនាគត ដែលនឹងបម្រើសម្រាប់ទាំងការរស់នៅ អាជីវកម្ម និងតំបន់អភិវឌ្ឍន៍សំខាន់ៗ រួមទាំងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

លោក វង្សី វិស្សុត បានលើកឡើងថា៖ “សមិទ្ធផលទាំងពីរនេះនឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងជាការរួមចំណែកសម្រេចគោលដៅ “ទឹកស្អាតសម្រាប់ទាំងអស់គ្នា” និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ហេដ្ឋារចនាសម្ព័ន្ធនេះក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងការផ្គត់ផ្គង់ទឹកស្អាតស្របតាមស្តង់ដារគុណភាព មានសុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ជូនប្រជាជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។”

លោក UENO Atsushi ក៏បានលើកឡើងថា គម្រោងនេះបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងជប៉ុន និងកម្ពុជា។ លោកបញ្ជាក់ថា ជប៉ុនបានបន្តគាំទ្រវិស័យទឹកនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ និងបានរួមចំណែកបង្កើត “អព្ភូតហេតុទីក្រុងភ្នំពេញ” ក្នុងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ដែលអព្ភូតហេតុនេះត្រូវបានពង្រីកទៅកាន់ទីក្រុង និងខេត្តជាច្រើនផ្សេងទៀត។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ក្រសួងឧស្សាហកម្ម បានបង្ហាញតាមរយៈលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងផងដែរថា បរិមាណនៃការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេសបានកើនឡើង ៧២% ពីប្រមាណ ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៣០ លានម៉ែត្រគូបក្នុងឆ្នាំ២០២៤៕