ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទទួលជួបនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកធុរកិច្ចលំដាប់កំពូលៗជាច្រើន នៅក្នុងកម្មវិធីសម្ពោធសួន Rose Garden ដែលទើបតែជួសជុលកែលម្អឡើងវិញហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

យ៉ាងណាមិញ ក្នុងចំណោម CEO ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលត្រូវបានអញ្ជើញឲ្យមកចូលរួមទាំងនោះ រួមមាន ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg , នាយកប្រតិបត្តិ Apple លោក Tim Cook ស្ថាបនិក Microsoft លោក Bill Gates និងស្ថាបនិក OpenAI លោក Sam Altman ជាដើម។
ដោយឡែក អ្នកដទៃផ្សេងទៀតដែលត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ រួមមានលោក Sundar Pichai នាយកប្រតិបត្តិរបស់ Google លោក Satya Nadella នាយកប្រតិបត្តិរបស់ Microsoft លោកស្រី Safra Catz នាយកប្រតិបត្តិរបស់ Oracle និងលោក David Limp នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Blue Origin ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរកត់សម្គាល់នោះគឺថានាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Tesla,SpaceX លោក Elon Musk ដែលពីមុនធ្លាប់បម្រើជាបុគ្គលិករដ្ឋាភិបាលពិសេស របស់រដ្ឋាភិបាលលោក ត្រាំ មិនមានឈ្មោះក្នុងបញ្ជីដែលត្រូវអញ្ជើញ នោះឡើយ ត្បិតអីលោកធ្លាប់មានភាពចម្រូងចម្រាស់ខ្លាំង ជាមួយប្រធានាធិបតីអាមេរិក នាពេលកន្លងមក។
ជម្រាបជូនផងដែរថា សម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញការពង្រឹងទំនាក់ទំនងរវាងលោក ត្រាំ និងបណ្តាមេធំក្នុងវិស័យបច្ចេកវិទ្យា ស្របតាមគោលដៅរបស់រដ្ឋាភិបាល លើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងការស្តាឡើងវិញរបស់សហរដ្ឋអាមេរិក៕

