ឥណ្ឌូណេស៊ី ប្រកាសកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មី មានតម្លៃជិត ១ពាន់លានដុល្លារ

អន្តរជាតិ

ប្រទេសឥណ្ឌូណេស៊ី​ កាលពីពេលថ្មីៗនេះ​ បានប្រកាសចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីមួយដែលមានតម្លៃប្រមាណ ១៦,២៣ពាន់លានរូពៀ (៩៨៩លានដុល្លារអាមេរិក) ដោយរួមបញ្ចូលជំនួយស្បៀងអាហារ និងកម្មវិធីកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានប្រាប់អ្នកយកព័ត៌មានថា វិធានការជំរុញថ្មីៗនេះ នឹងត្រូវអនុវត្តនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៥ ស្របពេលវិធានការមួយចំនួនទៀត នឹងត្រូវបន្តរហូតដល់ឆ្នាំ២០២៦។

គួរឲ្យដឹងថា សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី បានកើនឡើង ៥,១២% នៅក្នុងត្រីមាសទីពីរ ដែលជាអត្រាកំណើនដ៏ល្អបំផុត ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកបង្កើតគោលនយោបាយមួយចំនួន បាននិយាយថា សេដ្ឋកិច្ចអាចនឹងមានការធ្លាក់ចុះវិញ នៅក្នុងត្រីមាសបន្ទាប់ៗ។

ទន្ទឹមនឹងនេះ លោក Airlangga បានប្រាប់ទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីរៀបចំកិច្ចប្រជុំជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីថា ៖”​ជាមួយនឹងកញ្ចប់ជំរុញថ្មីនេះ យើងសង្ឃឹមថាយើងនៅតែអាចឈានដល់គោលដៅកំណើនសេដ្ឋកិច្ច ៥,២% នៅឆ្នាំនេះ”។

ក្រោមកញ្ចប់ថវិកានេះ រដ្ឋាភិបាលនឹងផ្តល់នូវអង្ករ ១០គីឡូក្រាមក្នុងមួយគ្រួសារ សម្រាប់ប្រជាជន ១៨,៣ លាននាក់ ក្នុងត្រីមាសទី៤ ដកចេញពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់កម្មករក្នុងវិស័យទេសចរណ៍ និងបែងចែកទឹកប្រាក់ ៥,៣ទ្រីលានរូពៀ សម្រាប់គម្រោង “ធ្វើការយកប្រាក់” សម្រាប់មនុស្សជាង ៦០០ ០០០ នាក់ ចាប់ពីខែកញ្ញា ដល់ខែធ្នូ។

មិនតែប៉ុណ្ណោះ កញ្ចប់ជំរុញថ្មីនេះ ក៏រួមបញ្ចូលទាំងកម្មវិធីកម្មសិក្សាដែលបានបង់ថ្លៃសម្រាប់និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យចំនួន ២០ ០០០ នាក់ និងរួមទាំងគម្រោងផ្តល់ការធានារ៉ាប់រងចំពោះអ្នកធ្វើការ នៅក្នុងវិស័យមួយចំនួន ផងដែរ៕​