សភាពាណិជ្ជកម្មប៊ុលហ្គារី គ្រោងនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ប្រទេសខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

លោក Maxim Behar ប្រធានទី១ សភាពាណិជ្ជកម្មប៊ុលហ្គារី និងជានាយកប្រតិប្រតិ្តក្រុមហ៊ុន M3 Communications Group បានបង្ហាញពីគោលបំណងចង់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅប្រទេសប៊ុលហ្គារី ពិសេសការសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញពីគោលបំណងរបស់ លោក Maxim Behar នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនៃជំនួបនោះ លោក Maxim Behar បានសម្តែងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប៊ុលហ្គារី និងកម្ពុជា ខណៈលោកក៏ផ្តោតការចាប់អារម្មណ៍លើការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅប្រទេសប៊ុលហ្គារី ជាពិសេសការសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជា។

ជាការឆ្លើយតប លោក ប្រាក់ ដាវីដ បានគូសបញ្ជាក់អំពីកសិផលសក្តានុពលរបស់កម្ពុជាជាច្រើនប្រភេទ មានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ដែលជាឱកាសសម្រាប់វិនិយោគិនប៊ុលហ្គារី ក្នុងការចាប់យក សំដៅលើកកម្ពស់ការកែច្នៃ វេចខ្ចប់ ហើយប្រទេសកម្ពុជាមានក្របខណ្ឌច្បាប់ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់រាល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រើន។

ជាមួយគ្នានោះ លោកក៏បានលើកឡើងអំពីសាវតារនៃព្រឹត្តិការណ៍ CAFE25 ដែលនឹងប្រព្រឹត្តិទៅនៅពេលខាងមុខនេះ ដើម្បីផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករអ្នកផលិត អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍នានា។ លោកក៏បានអញ្ជើញគណៈប្រតិភូ និងវិនិយោគិនប៊ុលហ្គារី ចូលរួមវេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ដែលជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់ និងជាវេទិកាប្រវត្តិសាស្រ្តដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងគ្រាប់ស្វាយចន្ទី កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេទី២ របស់ពិភពលោក ប្រមាណ១៧% នៃចំណែកផលិតកម្មពិភពលោក​ បន្ទាប់ពីកូតឌីវ័រ ប្រមាណ២៤% នៃចំណែកផលិតកម្មពិភពលោកក្នុងឆ្នាំ២០២៤៕