អ្នកឧកញ៉ា ហ៊ុន ឡាក់ លើកទឹកចិត្តឱ្យក្រុមហ៊ុនអាល្លឺម៉ង់ មកសិក្សាស្វែងយល់និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាង​លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Andreas Scheuer ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge និងជាអតីតរដ្ឋមន្ត្រីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលឯកឧត្ដមកំពុងបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនេះ អ្នកឧកញ៉ា និងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានពិភាក្សា​ផ្លាស់ប្តូរយោបល់គ្នាពាក់ព័ន្ធនឹងបទពិសោធន៍ការងារកន្លងមក ក៏ដូចជាបរិយាកាសវិនិយោគនៅកម្ពុជា, ពិពិធកម្ម​សេដ្ឋកិច្ច និងគោលដៅវិនិយោគ, ពាណិជ្ជកម្មអន្តរជាតិ, ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យា​ឌីជីថល និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការធុរកិច្ច និងភាពជាដៃគូរវាងស្ថាប័នទាំងពីរ ខណៈដែល​ការពង្រឹងទំនាក់ទំនង និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាស៊ី រួមទាំងកម្ពុជា​គឺជាគោលដៅលេចធ្លោមួយដែល Asia Bridge កំពុងចាប់អារម្មណ៍។

លើសពីនេះ អ្នកឧកញ៉ា ក៏បានជម្រាបជូនបន្ថែមអំពីសាវតា តួនាទី និងភារកិច្ចស្នូលរបស់សមាគមដែល​ជាស្ថាប័ន​តែមួយគត់ តំណាងឱ្យគោរមវន្តឧកញ៉ាទាំងអស់នៅកម្ពុជា និងជាបណ្ដុំធុរជននិងវិនិយោគិនមកពីចម្រុះវិស័យ។ អ្នកឧកញ៉ា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអាល្លឺម៉ង់មកសិក្សាស្វែងយល់ និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំង​រីករាយក្នុងការផ្ដល់ការគាំទ្រដល់កិច្ចសហការនានារវាងស្ថាប័នទាំងពីរផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានសម្តែងនូវការកត់សម្គាល់ខ្ពស់ចំពោះកំណែទម្រង់នានា ដែលនាំឱ្យកម្ពុជាមានការផ្លាស់ប្តូរមុខមាត់ក្នុងរយៈពេលចុងក្រោយ ព្រមទាំងបានសម្តែងនូវការកោតសរសើរ​ខ្ពស់ចំពោះសមាគមឧកញ៉ាកម្ពុជា ក្នុងការរួមចំណែកលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមប្រធាន បានបង្ហាញនូវការតាំងចិត្តក្នុងការពាំនាំអំពីចំនុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជា ដែលលោកបានស្វែងយល់ក្នុងទស្សនកិច្ចនេះ ទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍ធុរកិច្ច និងពាណិជ្ជកម្ម ដែលមានទំនាក់ទំនងជាមួយស្ថាប័ន Asia Bridge ផងដែរ។

តាមការពិភាក្សាផ្លាស់ប្តូរយោបល់នាឱកាសនេះ អ្នកឧកញ៉ា និង ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បាន​ឯកភាពបន្តពិភាក្សាដើម្បីកសាងស្ពានតភ្ជាប់ទំនាក់ទំនងគ្នា និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បី​រៀបចំជំនួបផ្គូរផ្គងធុរកិច្ចនៅពេលអនាគតខាងមុខ។

សូមជម្រាបដែរថា Asia Bridge មានឈ្មោះពេញជាផ្លូវការគឺ “Asienbrücke e.V. – Euro-Asian-Initiative” ត្រូវបានបង្កើតឡើងនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្នុងខែកញ្ញា ឆ្នាំ២០១៩ ជាមួយគោលដៅចម្បងផ្តោតលើ​ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាល្លឺម៉ង់ (និងសហភាពអឺរ៉ុប) ជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក៕