រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចលើកពេលការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ដែលគ្រោងធ្វើនៅខេត្តកោះកុង ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ទៅរៀបចំនៅឆ្នាំ២០២៦វិញ។
យោងតាមលិខិតលេខ ១៩១៣ សជណ.កបច ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា ដោយយោងតាមកម្មវត្ថុ៖ ករណីគោរពស្នើសុំការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីលើកពេលព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ឆ្នាំ២០២៥ និងគោរពស្នើសុំរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ក្រោមប្រធានបទ “ភ្នំសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តមណ្ឌលគិរី។
ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានឃើញនិងសម្រេច៖
១- ឯកភាពអនុញ្ញាតលើកពេលនៃការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តកោះកុង ទៅរៀបចំនៅឆ្នាំ២០២៦វិញ ដោយរក្សាខេត្តកោះកុងជាទីតាំង រៀបចំព្រឹត្តិការណ៍នេះដដែល។
២- គួរលើកពេលសិនទៅចំពោះសំណើអនុញ្ញាតដល់ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាល ខេត្តមណ្ឌលគិរី និងក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ ក្រោមប្រធានបទ «ភ្នំសន្តិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព” ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តមណ្ឌលគិរី។
គួរបញ្ជាក់ថា ការសម្រេចលើកពេលនៃព្រឹត្តិការ៍នេះ គឺដោយសារប្រទេសស្ថិតក្នុងស្ថានភាពសភាពការណ៍ព្រំដែនមិនទាន់ច្បាស់លាស់ ដែលហេតុគួរលើកពេលសិន៕


